ខេត្តព្រះសីហនុ៖ ដេីម្បីទប់ស្កាត់រាល់បទល្មេីសផ្សេងៗ ចំពោះជនខិលខូចមួយចំនួនដែលតែងតែធ្វើសកម្មភាពតាមរយៈការប្រេីប្រាស់សុីមកាតទូរស័ព្ទទៅឆបោកប្រជាពលរដ្ឋស្លូតត្រង់ មន្រ្តីជំនាញនៃស្នងការនគរបាលខេត្តព្រះសីហនុ បានចុះផ្សព្វផ្សាយអប់រំណែនាំ តាមបណ្តាហាងលក់ទូរស័ព្ទ និងសុីមកាត គឺតម្រូវឱ្យយកអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនពីអតិថិជន។
ជាក់ស្ដែងកាលពីថ្ងៃសុក្រទី០៨ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យា និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ២ បានចុះធ្វើការផ្សព្វផ្សាយអប់រំណែនាំ តាមបណ្តាហាងលក់ទូរស័ព្ទ និងសុីមកាត តម្រូវឱ្យយកអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនពីអតិថិជន ដេីម្បីស្គាល់អត្តសញ្ញាណចំពោះជនខិលខូច ។
ក្រោយពីបានស្តាប់ការពន្យល់ណែនាំរបស់សមត្ថកិច្ចរួច ម្ចាស់អាជីវកម្មសន្យាថា នឹងអនុវត្តតាមកិច្ចសន្យាជាមួយសមត្ថកិច្ចចាប់ពីថ្ងៃនេះតទៅ៕
ដោយ៖ស តារា