សម្ដេចក្រឡាហោម ស ខេង៖​ អញ្ជើញចូលរួមក្នុងព្រះរាជពិធីបុណ្យ «រុក្ខទិវា»

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីបុណ្យ រុក្ខទិវា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជារណាចក្រកម្ពុជា នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើនៅភូមិសំបួរមាស ឃុំស្ទឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ផ្ទៃដីប្រារព្ធ «រុក្ខទិវា» នាពេលនេះ មានទំហំ ១០ហិកតា នៃផ្ទៃដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបួរមាសទំហំ ២៦.១៣ហិកតា ហើយកូនឈើដែលត្រូវយកមកដាំមានដើមធ្នង់ ច្រេស គីនីន គ្រញូង ឈើទាល និងម៉ៃសាក់ សរុបទាំងអស់ចំនួន ១៣,៩៤០ដើម និងបានត្រៀមកូនឈើសម្រាប់ដាំជួសមួយចំនួនទៀត។

«រុក្ខទិវា» ជាទិវាមួយដែលត្រូវបានប្រារព្ធធ្វើឡើង ដើម្បីជំរុញចលនាដាំដុះឡើងវិញនូវកូនឈើ និងបំផុសស្មារតីស្រឡាញ់ព្រៃឈើ ធនធានធម្មជាតិក្នុងសង្គម ឈានទៅការចូលរួមថែរក្សា ការពារ និងបញ្ចប់ការកាប់បំផ្លាញព្រៃឈើ និងធនធានធម្មជាតិ។ ទិវានេះ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យលេខ៧៣៨ នស.រកត ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២ ក្រោមព្រះរាជតម្រេះរបស់សម្តេច នរោត្តម សីហនុ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

ទិវានេះបានខកខានក្នុងការប្រារព្ធបន្ទាប់ពីប្រទេសកម្ពុជា បានជួបនូវវិបត្តិនយោបាយ និងសង្គ្រាម ក្រោយថ្ងៃរដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ដោយផ្អែកលើចក្ខុវិស័យដ៏ត្រចះត្រចង់ និងដើម្បីបន្តស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះមហាវីរក្សត្រ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបង្កើតឡើងវិញនូវ «រុក្ខទិវា» តាមសេចក្តីសម្រេចលេខ០៨ ស.ស.រ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ១៩៩០ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលត្រូវប្រារព្ធឡើងនៅថ្ងៃទី០៩ ខែកក្កដា ហើយច្បាប់ស្តីពីព្រៃឈើឆ្នាំ២០០២ បានកំណត់ទិវាពលកម្មដាំដើមឈើជាប្រពៃណីជាតិ ហៅ «រុក្ខទិវា» នេះនៅថ្ងៃទី០៩ ខែកក្កដា ជារៀងរាល់ឆ្នាំ។

គិតចាប់ពីឆ្នាំ១៩៩២ រហូតមកដល់ឆ្នាំ២០១៩ ពិធី «រុក្ខទិវា» បានប្រារព្ធនៅតាមបណ្តារាជធានី-ខេត្តចំនួន ១៤ទូទាំងប្រទេសសរុបចំនួន ២៩លើក នៅលើផ្ទៃដីទំហំ ៤៧០ហិកតា ៦៤អា។ ប៉ុន្តែដោយសារប្រទេសជាតិជួបវិបត្តិជាសាកលនៃជំងឺកូវីដ១៩ កម្ពុជា បានអាក់ខានពុំបានរៀបចំពិធី «រុក្ខទិវា» ចំនួនពីរឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឺឆ្លងជាសាកលនៅក្នុងសហគមន៍។

ព្រៃឈើ បានផ្តល់សារៈសំខាន់ណាស់ សម្រាប់ជីវិតមនុស្ស សត្វនៅលើភពផែនដីដូចជាជួយទ្រទ្រង់អាកាសធាតុផែនដី, ជួយធ្វើឱ្យដីមានជីវជាតិ, នាំមកនូវទឹកភ្លៀង, ជាជម្រកជីវចម្រុះ និងភាពស្រស់បំព្រង់នៃផែនដី។ ព្រៃឈើមានអត្ថប្រយោជន៍ខ្លាំងណាស់នៅលើផែនដី វាគឺជាអាវុធប្រឆាំងនឹងគ្រោះធម្មជាតិជាច្រើនអស់រយៈពេលរាប់លានឆ្នាំមកហើយ។ ព្រៃ ឬដើមឈើ គឺជាឧបករណ៍សម្រាប់ស្វែងរកអាហារ ប្រើប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួន និងជាច្រើនទៀតរាប់មិនអស់ ជាពិសេស គឺជាសួតរបស់ភពផែនដី៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print