ខេត្តរតនគីរី៖ ឧទ្យានជាតិវីរៈជ័យ ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនៈគីរី និងខេត្តស្ទឹងត្រែងដែលមានផ្ទៃដីចំនួន៣៣២.៥០០ ហិកតា។ បើយើងនិយាយពីសក្តានុពលក្នុងឧទ្យានជាតិវីរៈជ័យនៃភូមិសាស្ត្រខេត្តប៉ែកឦសាន្តមួយនេះ ធម្មជាតិក្នុងព្រៃ និងតាមដងអូ រួមទាំងសត្វព្រៃគឺជាអ្វីដែលធ្វើឱ្យឧទ្យានជាតិមួយនេះមានសម្រស់ស្រស់ត្រកាលបង្អួតអ្នកដែលបានទស្សនា និងរងចាំភ្ញៀវទេសចរដែលហ៊ានប្រជែងមើលសម្រស់ដ៏ត្រកាល។
ក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ សត្វព្រៃជាច្រើនកំពុងសំងំរស់នៅយ៉ាងមានសេចក្តីសុខដែលមានដូចជា៖ សត្វស្វា កន្ទុយសរ ទោច ជ្រូកព្រៃ ឈ្លូស ប្រើស ខ្លាត្រី ខ្លាពពក ខ្ទីង និង ខ្លាឃ្មុំជាដើម។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលចូលទៅព្រៃជ្រៅនោះមានទឹកជ្រោះមួយហៅថា(ទឹកជ្រោះយក្សកែ)នៅរដូវវស្សាទឹកធ្លាក់នោះ ស្អាតណាស់ហើយថ្លាមែនទែនដែលគួរចាប់អារម្មណ៍យ៉ាងខ្លាំងដែលមានទឹកគ្រប់គ្រាន់សំរាប់ការលេងយ៉ាងសប្បាយ។ ដើម្បីទៅដល់ទីតាំងកំសាន្តនេះ អ្នកទេសចរត្រូវធ្វើដំណើរប្រមាណ១៥គីឡូម៉ែត្រពីស្រុកតាវែងទៅដល់ភូមិមណ្ឌលយ៉នដែលអ្នកទេសចរត្រូវឆ្លងកាត់ទន្លេសេសាន និងអូរតាបូកនៅទីនោះហើយដែលអ្នកទេសចរអាចមើលឃើញផ្កាព្រៃ ទេសភាពតាមដងព្រៃជាដើម។
ដោយឡែកនៅក្នុងតំបន់ស្រស់ត្រកាលនេះ ជនជាតិដើមភាគតិចព្រៅ គឺជាម្ចាស់ស្រុកដែលនឹងធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរណ៍ដែលផ្តលការស្នាក់នៅដោយផាសុខភាពបែបជនជាតិ និងការរីករាយជាមួយវប្បធម៌ប្រពៃណី ម្ហូបអាហារ និងស្រាពាងរបស់ជនជាតិដើមព្រៅ៕
ដោយ៖សហការី