ភ្នំពេញ៖ លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៍មាន បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃអាទិត្យទី១០ ខែកក្កដា ឆ្នាំ២០២២នេះថា៖ យោងតាមប្រភពព័ត៍មានពីជីវៈចម្រុះនៃប្រទេសកម្ពុជា ផ្កាអណ្តូងព្រះ ជារុក្ខជាតិ បញ្ញើរក្អែក ឬហៅតាមពាក្យបច្ចេកទេសថា ជារុក្ខជាតិប៉ារាសិត ដែលរស់នៅអាស្រ័យលើរុក្ខជាតិដ៏ទៃចិញ្ចឹមវា។
ជាទូទៅវាលូតចេញពីមែកឈើចាស់ៗតាមដី ឬលើងបង្អោងមែកឈើចាស់ៗ។ ផ្កានេះវាមានរហូតដល់ ២៨ប្រភេទឯណោះ ហើយភាគច្រើនគឺត្រូវបានគេស្រាវជ្រាវនិងរកឃើញនៅទូទាំងទ្វីបអាសុីអាគ្នេយ៍យើងនេះឯង។ ជាទូទៅវាមានក្លិនស្អុយដូចសាច់ស្អុយ ដែលវាត្រូវការទាក់ទាញពពួកសត្វល្អិតដែលចូលចិត្តក្លិនស្អុយដូចជារុយក្បាលខៀវជាដើម ដើម្បីជួយដល់ការបន្តពូជបន្តទៀត។
នៅប្រទេសកម្ពុជាយើងក៏មានផ្កាប្រភេទនេះមួយប្រភេទដែរ ដែលមានឈ្មោះវិទ្យាសាស្ត្រហៅថា Sapria poilanei ស្ថិតក្នុងអំបូរ Rafflesiaceae នេះដូចគ្នា គ្រាន់តែផ្កាវាមានទំហំតូចខ្លាំង។
នៅប្រទេសថៃមើមផ្កាអណ្តូងព្រះប្រភេទ R. kerrii ត្រូវបានចាត់ទុកថាជាគ្រឿងផ្សំអាហារដ៏ឆ្ងាញ់ និងពេលខ្លះគេក៏យកមកធ្វើជាឱសថបុរាណផងដែរ។ ផ្កានេះក៏ជួយទាក់ទាញភ្ញៀវទេសចរណ៍អោយទៅទស្សនាវាផងដែរ ពិសេសនៅប្រទេស ឥណ្ឌូនេសុី និងម៉ាឡេស៊ី៕
ដោយ៖សហការី