ភ្នំពេញ៖. លោកប៊ុន សេរី បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ ឲ្យចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា ព្រោះថា ព្រះពុទ្ធសាសនា បានដើរតួនាទីជាស្នូល យ៉ាងសំខាន់ នៃវប្បធម៌សន្តិភាព និងធ្វើឲ្យសង្គមជាតិ រីកចម្រើន ។
លោកប៊ុន សេរី អភិបាលរងរាជធានីភ្នំពេញ បានធ្វើការអំពាវនាវបែបនេះ ខណៈលោកចូលរួមជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ក្លោងទ្វារ និងសមិទ្ធិផលនានា វត្តយសសុវណ្ណរាម (ហៅវត្តឫស្សីស្រស់) និងប្រកាសតែងតាំងចៅអធិការវត្ដ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ សិ្ថតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
លោក ប៊ុន សេរី បានបញ្ជាក់ថា៖ សមិទ្ធផលនានា កើតឡើងនៅទីនេះ គឺបានសបញ្ជាក់ឱ្យឃើញពីការសាមគ្គីភាពគ្នា ប្រកប ដោយជំនឿជាក់លើ ព្រះពុទ្ធសាសនា ដោយប្រមូលផ្តុំបានកម្លាំងសរុបយ៉ាងធំ ឈានទៅរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់តម្លៃ និងអភិវឌ្ឍន៍ ព្រះពុទ្ធសាសនា ក៏ដូចជាសង្គមជាតិទាំងមូល ឲ្យកាន់តែរីកចំរើនទ្វេឡើងថែមទៀត ។ វត្តអារាម និងព្រះពុទ្ធសាសនា របស់យើង បានដើរតួនាទីជាស្នូល យ៉ាងសំខាន់ នៃវប្បធម៌សន្តិភាព ដែលប្រជាជនយើងបានផ្តល់តម្លៃយ៉ាង ខ្ពស់ បាននិងកំពុងពង្រឹងឱ្យក្លាយ ទៅជាសីលធម៌សង្គមដ៏ល្អ សម្រាប់ ប្រជាជនកម្ពុជាយើង ។
លោកបន្ដថា៖ តាមរយៈអង្គពិធីនាពេលនេះ លោកក៏មានមោទនភាព និង សូមគាំទ្រចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងពុទ្ធបរិស័ទទាំង អស់ដែលបានបំពេញតួនាទីជាពុទ្ធសាសនិកដ៏សកម្ម ក្នុងការទ្រទ្រង់គោរពប្រតិបត្តិលើកកំពស់សេចក្តីថ្លៃថ្នូរនៃព្រះពុទ្ធសាសនា ។
ជាក់ស្តែង ពុទ្ធសាសនិកបានកសាងយ៉ាងរឹងមាំ នូវសាមគ្គីភាព ក្នុងចំណោមពុទ្ធបរិស័ទ ដែលនេះ គឺជាការប្រតិបត្តិយ៉ាងល្អប្រសើរ និង ពង្រឹងបាននូវពុទ្ធប្បវេណី របស់សាវ័កទាំង ឡាយនៃព្រះពុទ្ធគ្រប់ព្រះអង្គ ដែលត្រូវបានរក្សា និងប្រកាន់ខ្ជាប់ដោយពុទ្ធសាសនិកទាំងឡាយជាច្រើនតំណរយូរលង់ណាស់មកហើយ ។ សាមគ្គីភាពរឹងមាំនៃពុទ្ធសាសនិក គឺជាមាគ៌ាដ៏ប្រពៃ នាំយើងទាំងអស់គ្នាទៅដល់គោលដៅដ៏ពិសិដ្ឋមួយ ដែលជា បំណង និងសេចក្តីត្រូវការរបស់សង្គមជាតិយើង គឺលុបបំបាត់អំពើហឹង្សាប្រទូស្តរាយ ឈ្នានិស ការប្រព្រឹត្តអំពើទុច្ចរិត អនាចារ្យផ្សេងៗ ។ ហើយនាំមកនូវភាពសុខុដុមរមនាក្រោមពន្លឺដ៏ភ្លឺនៃព្រះធម៌របស់ព្រះពុទ្ធជាម្ចាស់ ។
លោកប៊ុន សេរី បានបញ្ជាក់ថា៖ ដោយមើលឃើញអំពីតួនាទីដ៏សំខាន់របស់ព្រះពុទ្ធសាសនា និងព្រះសង្ឃនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែលះបង់អស់នូវ កំលាំងកាយចិត្តក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យរីកចំរើនទៅមុខប្រកបដោយភាពសុខដុមនីយកម្មលើគ្រប់ វិស័យទាំងផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ ជាពិសេសការអនុវត្តកម្មវិធី នយោ បាយយុទ្ធសាស្រ្តចតុកោណដំណាក់ កាលទី៣ ក្នុងនីតិកាលទី៥ នៃរដ្ឋសភា របស់រាជរដ្ឋាភិ បាលកម្ពុជា ដោយបានធ្វើការកែទម្រង់ជាតិមួយដ៏ ទូលំទូលាយ និងជ្រាលជ្រៅ ដែលជាមោទនភាព និងជាក្តីសង្ឃឹមយ៉ាង ពិតប្រាកដរបស់ប្រជាជនកម្ពុជាយើង ដើម្បីធានាបាននូវស្ថេរភាពសង្គម សុខសន្តិភាព ប្រជាធិបតេយ្យ អធិបតេយ្យភាពជាតិ និងសន្តិសុខស្បៀង ក្នុងទិសដៅលើកកម្ពស់ជីវភាពជូនប្រជាពលរដ្ឋ ដូចជា ៖ ការកាត់បន្ថយភាពក្រីក្រ, ការបង្កើនប្រាក់ចំណូល, ការលើកស្ទួយខាងសង្គមកិច្ច, ការពង្រឹងយុត្តិធម៌ និងសមធម៌សង្គម ព្រមទាំងការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរឡើង ។
រាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ក៏មានការរីកចម្រើនយ៉ាងឆាប់រហ័សដែលមិននឹកស្មានដល់ ដោយធានាបានល្អនូវ ៖ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម, ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដូចជា ផ្លូវ ថ្នល់ ប្រឡាយ-លូ, ប្រព័ន្ធទឹកស្អាត, និងបណ្តាញអគ្គិសនីបំភ្លឺសាធារណៈ ព្រមទាំងការកសាង និងកែលំអសួនច្បារសាធារណៈឱ្យមានសោភ័ណភាពរីកស្រស់បំព្រង ។
លោកបន្ដថា៖ ចំពោះរាល់សមិទ្ធផលនានាក្នុងទី វត្តឫស្សីស្រស់ នេះ នឹងក្លាយជាប្រយោ ជន៍សម្រាប់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បំពេញសង្ឃកម្មតាមពុទ្ធោឱវាទ និងជាសេនានៈដ៏គត់មត់សម្រាប់សីលវន្ត សីលវតី និងបងប្អូនពុទ្ធបរិស័ទទាំងអស់ប្រតិបត្តិធម៌វិន័យ ទុកជាធម្មទានដ៏ធំនៅក្នុងពុទ្ធសាសនា។
ក្នុងឱកាសនោះដែរលោកប៊ុន សេរី តំណាងឲ្យអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស ក៍បានចូលរួមបច្ច័យចំនួន ១០លានរៀល សម្រាប់កសាងសមិទ្ធផលនានាវត្ដឬស្សីស្រស់នេះផងដែរ ៕
ដោយ៖ សុខ ខេមរា