ភ្នំពេញ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ដោយសារតែរូបគេជិះម៉ូតូក្នុងល្បឿនលឿន វ៉ារថយន្ដមួយគឿង ហើយវ៉ាក់ជាមួយរទះលក់ទឹកអំពៅ ចាប់ហ្វ្រាំងដួលខ្ទាតចូលក្រោមកង់រថយន្ដកុងតឺន័រកិនចំពាក់កណ្ដាលខ្លួនបែកក្បាលធ្លាយខួរ និងធ្លាយពោះ ហើយរថយន្ដបានបើករត់បានប្រហែល១០០ម៉ែត្រ ទើបតៃកុងរថយន្ដឈប់បើកទ្វារចុះរត់គេចខ្លួនបាត់ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវវេងស្រេង ទល់មុខផ្ទះសំណាក់យីហោ សុវណ្ណគីរី ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ហឿន សុខម៉េង ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរជាជាដែក ស្នាក់នៅម្ដុំផ្សារបែកចាន និងមានស្រុកកំណើតនៅភូមិ ព្រែកត្បេះ ឃុំព្រែកពោរធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ព្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសជាជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីម C125 ពណ៍ខ្មៅ សេរីឆ្នាំ2014 ពាក់ស្លាកលេខ ភ្នំពេញ 1CN-2753 ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។ ប្រភពបានបន្តថាពេលមកដល់ចំណុចកើតហេតុជនរងគ្រោះបានបើកវ៉ារថយន្ដមួយគ្រឿងហើយបានវ៉ាក់ជាមួយរទះលក់ទឹកអំពៅ ហើយជនរងគ្រោះបានចាប់ហ្វ្រាំងបង្ខំបណ្ដាលអោយដួលខ្ទាតចូលក្រោមកង់រថយន្ដកង់តឺន័រពាក់ស្លាកលេខ ភ្នំពេញ3D-2291. ផ្នែកខាងក្រោយបណ្ដាលអោយកិនពេញលើដងខ្លួនជនរងគ្រោះ បែកក្បាលធ្លាយខួរនិងធ្លាយពោះស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ចំណែកម៉ូតូរងការខូចខាតបន្តិចបន្ទួច។
ក្រោយពីកើតហេតុរថយន្ដបានបើករត់បានប្រហែល១០០ម៉ែត្រទើបតៃកុងរថយន្ដឈប់រថយន្ដហើយបើកទ្វាររថយន្ដចុះរត់គេចខ្លួនបាត់ ។ ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបានសហការជាមួយកម្លាំងជំនាញចុះវាស់វែងយករថយន្ដ និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរណ៍រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារអោយមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕
ដោយ៖ ជីម ភារ៉ា ដង្កោ