ភ្នំពេញ៖ ក្រុមជនសង្ស័យ២នាក់បានធ្វើសកម្មភាពប្លន់យកម៉ូតូDukeពីយុវជនម្នាក់បានសម្រេចនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ខណៈយុវជនជនរងគ្រោះមកពីលេងផ្ទះឱពុកម្តាយនៅស្រុកខ្សាច់កណ្តាល ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត៩យប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចស្ពានទី៧ ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
បើតាមសម្តីរបស់ជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរូបគេបានបើកម៉ាក KTM DUKE ពណ៌ទឹកក្រូច ពាក់ស្លាកលេខ 1FB-4142 មកពីលេងផ្ទះឱពុកម្តាយនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល គោលបំណងមកផ្ទះនៅភ្នំពេញវិញនៅម្តុំសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ពេលមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ២នាក់បើកម៉ូតូធនធំមកមួយគ្រឿងមកគៀរឲ្យឈប់ ហើយបំណងដកកាំភ្លើងចេញពីកាបូបស្ពាយបាញ់មកលើរូបគេ ដោយភ័យខ្លាំងពេកក៏ផ្តួលម៉ូតូចោលរត់យករួចខ្លួន ហើយជនសង្ស័យក៏លើយកម៉ូតូគេចទៅបាត់។
ក្រោយកើតហេតុកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វាបានចុះទៅដល់កន្លែងកើតហេតុ និងសួរនាំពីភិនភាគជនសង្ស័យ និងនាំជនរងគ្រោះមកដាក់ពាក្យបណ្តឹង និងឃាត់ខ្លួនជនដែលគួរអោយសង្ស័យម្នាក់នៅម្តុំវត្តគៀនឃ្លាំង មកសួរនាំនៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា ៕
ដោយ៖ ជ្រោយពេជ្រ