ខេត្តកណ្តាល៖ ប្រជាពលរដ្ធប្រមាណជិតចំនួន១០០នាក់បានពុលអាហារនៅគ្រាដែលជនរងគ្រោះចូលរួមក្នុងពិធីមង្គលការរបស់គូស្វាមីភរិយាថ្មីកាលពីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិពពាលខែ១ ឃំុដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោក ស៊ុត តូ មេឃុំដីឥដ្ឋបានប្រាប់ដូច្នេះថា នៅល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ អ្នកភូមិបានទៅចូលរួមក្នុងពិធីមង្គលការរបស់កូនលោកឈ្មោះ សរ សិដ្ឋ អាយុ៤៨ឆ្នាំ និងប្រពន្ធមានឈ្មោះ សឿន ។ បន្ទាប់ពីពិសារអាហាររួចហើយភ្ញៀវទាំងអស់បានត្រឡប់ទៅផ្ទះរៀងៗខ្លួន លុះដល់វេលារំលងអធ្រាត្រថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ស្រាប់តែអ្នកដែលទៅចូលរួមមង្គលការមានអាការៈក្អួតចង្អោរចុកពោះទ្រាំមិនបាននាំគ្នារត់មករកគ្រូពេទ្យទាំងយប់ ។ ក្រោយពីធ្វើការសាកសួរពីមូលហេតុនៃអាការៈជម្ងឺទើបដឹងថា ពុលអាហារក្នុងពិធីមង្គលការ តែមិនដឹងពុលមុខម្ហូបអ្វីនោះទេ បើតាមការៀបរាប់របស់ជនរងគ្រោះអាចពុលម្ហូប «ញាំ» ដោយសារតែចុងភៅកេងចំណេញជ្រុលប្រើប្រាស់បង្គាអន់សាច់ និងបន្លែមានជាតិគីមី ។
លោកមេឃុំបានបន្តថា នៅក្នុងឃុំដីឥដ្ឋមានប្រជាពលរដ្ឋចំនួន៩៥នាក់បានរងគ្រោះដោយការពុលម្ហូបអាហារហើយត្រូវបានក្រុមគ្រូពេទ្យចុះទៅព្យាបាលដល់ផ្ទះ អ្នកខ្លះទៀតបានមកព្យាបាលនៅមណ្ឌលសុខភាព ដោយឡែកអ្នកដែលមានអាការៈធ្ងន់ធ្ងរបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកកៀនស្វាយ ។
នេះគ្រាន់តែជាអ្នករងគ្រោះនៅឃុំដីឥដ្ឋប៉ុណ្ណោះ ចំណែកភ្ញៀវផ្សេងទៀតដែលមកពីកន្លែងផ្សេងដើម្បីចូលរួមក្នុងពិធីមង្គលការមិនដឹងថា យ៉ាងម៉េចនោះទេ ។ មកដល់ពេលនេះជនរងគ្រោះទាំងអស់បានធូស្រាយហើយ តែពួកគេមុនបានប្តឹងម្ចាស់ដើមការឬចុងភៅនោះឡើយ ទោះជាស្គាល់អត្តសញ្ញាណចុងភៅក៍ដោយ។ ចុងភៅដែលមកធ្វើម្ហូបការបង្កឲ្យភ្ញៀវពុលម្ហូបនេះ គឺមកពីខាងសង្កាត់និរោធ ខណ្ឌច្បារអំពៅ តែមិនស្គាល់ យីហោចុងភៅនោះទេ៕
ដោយ៖ សណ្តោស