ខេត្តកំពង់ធំ÷ សពក្មេងស្រីត្រូវបានគេប្រទះឃើញអណ្តែតក្នុងទឹកស្ទឹងសែននៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចរបាំងទឹកមួយកន្លែង មុខមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ក្នុងភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
គួររំលឹកថា ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុចជិតម្តុំពោងទឹក ក្នុងភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូងគេឃើញក្មេងស្រី២នាក់ជាសិស្សសាលាបឋមសិក្សាកំពង់ធំក្រុង បាននាំគ្នាចុះលាងដៃនៅមាត់ទឹកស្ទឹងសែន ហើយក៏
រអិលជើងធ្លាក់ចូលទៅក្នុងទឹកស្ទឹងសែន។ ដោយសារនៅចំណុចនោះមានទឹកហូរខ្លាំងបណ្ដាលឱ្យក្មេងទាំងស្រីទាំង២នាក់នោះបានលង់ទឹក តែសំណាងល្អត្រូវបានអ្នកឃើញហេតុការណ៍ជួយសង្គ្រោះបានម្នាក់ ហើយម្នាក់ទៀតត្រូវបានលិចបាត់ទៅក្នុងទឹក។
លោក គឹម សុខមករា អធិការក្រុងស្ទឹងសែនបានឱ្យដឹងថា ក្មេងស្រីរងគ្រោះទាំង២នាក់នោះមាន ១-ឈ្មោះ រ៉ុម វណ្ណដារី អាយុ៩ឆ្នាំ រៀនថ្នាក់ទី៤ នៅសាលាបឋមសិក្សាកំពង់ធំក្រុង ដែលមាន ម្តាយឈ្មោះ ហ៊ាន វេងដែន និងឪពុកឈ្មោះ រ៉ុម សុធា រស់នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះបានទាន់ពេលវេលា។ ចំណែកសពក្មេងស្រីរងគ្រោះទី ២-ឈ្មោះ ធឿន សុខរក្សា អាយុ១០ឆ្នាំ រៀនថ្នាក់ទី៤ រស់នៅភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ដែលមានឪពុកឈ្មោះ ហុង ថុល និងម្ដាយឈ្មោះ ខេង
គឹមលាន (គ្រូបង្រៀន) បានបាត់ខ្លួនលិចក្នុងទឹក ហើយទើបតែរកឃើញសាកសពអណ្តែតទឹកនៅចំណុចខាងលើនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។ លោកអធិការបានបញ្ជាក់ថា កាលពីពេលបាត់ខ្លួនភ្លាមលោកក៏ទទួលបានព័ត៌មាននេះដែរ ហើយលោកបានឱ្យកងកម្លាំងរបស់លោកជាច្រើននាក់ជិះកាណូតស្វែងរកដែរ តែរកមិនឃើញសោះ។
ជាមួយគ្នានេះដែរលោកអធិការក្រុងស្ទឹងសែនបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមដងស្ទឹងសែន សូមបងប្អូនមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះសុវត្ថិភាពកូនៗរបស់អស់លោក ពីព្រោះទឹកស្ទឹងសែនកំពុងតែហក់ឡើងខ្លាំងនៅពេលនេះ។
បន្ទាប់ពីបានស្រង់សពរួចមក សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ សិលា