លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាលប្រគល់ផ្ទះចំនួន១២៥ខ្នង ជូនអតីតយុទ្ធជន នៅតំបន់ដីសម្បទានសង្គមកិច្ច នៅឃុំចុងកាល់ ស្រុកចុងកាល់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ : លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាលប្រគល់ផ្ទះចំនួន១២៥ខ្នង ជូនអតីតយុទ្ធជន នៅតំបន់ដីសម្បទានសង្គមកិច្ច នៅឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ​ ដែលក្នុងនោះមានសមាជិកសមាគមអតីតយុទ្ធជនរាជធានីភ្នំពេញចំនួន១០១គ្រួសារ បានស្ម័គ្រចិត្តមករស់នៅក្នុងភូមិសាស្ត្រតំបន់អភិវឌ្ឍន៍ថ្មីនេះ ពួកគាត់បា​នទទួលផ្ទះ និងដីធ្លីត្រឹមត្រូវពិតប្រាកដក្រោយពីពួកគាត់បានចាប់ឆ្នោតយកផ្ទះ និងការផ្តល់ដីលំនៅដ្ឋានដែលបានកសាងរួចរាល់ចំនួន១០១ខ្នង ពីសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញនេះ។
សមាជិកសមាគម១០១គ្រួសារពួកគាត់នៅភ្នំពេញគ្មានផ្ទះ និងទីជម្រកពិតប្រាកដនោះទេ​ ពួកគាត់រស់នៅក្នុងតំបន់អនាធិបតេយ្យ និងជួលផ្ទះគេរស់នៅបណ្តោះអាសន្នក្នុងជីវភាពលំបាក។ពួកគាត់ក៏បានដាក់ពាក្យស្នើសុំមកសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ដើម្បីជួយដោះស្រាយផ្ទះ និងដីធ្លីមួយចំនួនសម្រាប់បង្កបង្កើនផលផ្គត់ផ្គង់ជីវភាពឱ្យកាន់តែល្អប្រសើរ។
រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការឆ្លើយតបទៅ និងគុណបំណាច់របស់អតីតយុទ្ធជនដែលលះបង់សព្វបែបយ៉ាងដើម្បីជាតិ និងមាតុភូមិ​ ក៏បានគិតគូរកដីសម្បទានសង្គមកិច្ច និងបានកសាងផ្ទះជូនដល់ពួកគាត់១០១គ្រួសារនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បីដោះស្រាយការលំបាក។
ផ្ទះកសាងអំពីឈើប្រក់ស័ង្កសីទំហំ៤ម៉ែត្រគុណ៦ម៉ែត្រ លើដីលំនៅដ្ឋាន៣០ម៉ែត្រគុណ៨០ម៉ែត្រ បំពាក់ដោយភ្លើងសូឡា មានស្រះទឹកមួយទំហំ១០០ម៉ែត្រគុណ១០០ម៉ែត្រ ជម្រៅ៤ម៉ែត្រ និងអណ្តូងទឹកស្នប់ចំនួន៣អណ្តូង ដែលមានការជួយឧបត្តម្ភពីសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ៕


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print