ខេត្តកណ្ដាល: ដោយទប់កំហឹងរបស់ខ្លួនពុំបានពីរឿងបុរសម្នាក់រំលោភប្រពន្ធរបស់ខ្លួន បុសជាប្តីបានហៅភាគីខាងប្រុសនោះមកជជែកវែកញែកគ្នាឱ្យដាច់ស្រេច ហើយខណ:ដែលខាងប្រុសនោះមកដល់កន្លែងណាត់ជួប បុរសជាប្តីបានយកដំបងវាយទៅលើភាគីខាងប្រុសដែលរំលោភប្រពន្ធរបស់ខ្លួននោះរងរបួសសន្លប់ស្តូកស្តឹង ហើយទីបំផុតបុរសជាប្តីត្រូវសមត្ថកិច្ចក្របួចជាប់។ ករណីនេះបានកើតឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទីនៅចំណុចភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ កង ឡេវ ហៅ ឆៃ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិប្រាយុទ្ធ ឃុំត្បែង ស្រុកត្បែង ខេត្តព្រះវិហារ មុខរបររត់ម៉ូតូកង់បី (មិនដាក់ពាក្យបណ្ដឹងប្ដឹងផ្ដល់មកលើជនសង្ស័យឡើយ)។ ជនសង្ស័យឈ្មោះ នៅ វិបុល ភេទប្រុស អាយុ៣៩ឆ្នាំ បច្ចុប្បន្ននៅភូមិព្រែកអង្គញ់ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានមុខរបរលក់ដូរ (ឃាត់ខ្លួន)។ ដោយឡែកវត្ថុតាងចាប់យករួមមាន៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២១ ពាក់ស្លាកលេខ កណ្ដាល 1AK- 0250 និងដំបងកូនឈើ០១ដើមប្រវែង ១១០ សង់ទីម៉ែត្រ ។
ប្រភពដដែលបន្តថា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២២ មុនពេលកេីតហេតុជនសង្ស័យបានឱ្យប្រពន្ធរបស់ខ្លួនតេទៅជនរងគ្រោះដេីម្បីមកនិយាយគ្នាឱ្យដាច់ស្រេចរឿងជនរងគ្រោះធ្លាប់ចាប់រំលោភប្រពន្ធរបស់ខ្លួន។ ក្រោយពីទទួលទូរស័ព្ទរួចហើយជនរងគ្រោះបានជិះឡំប្រឺតាមកជួបប្រពន្ធជនសង្ស័យនៅកន្លែងកេីតហេតុខាងលើ។ ពេលជនរងគ្រោះជិះឡំប្រឺតាទៅជិតដល់ ជនសង្ស័យបានពួននៅក្បែរកន្លែងកើតហេតុដោយទុកឱ្យប្រពន្ធរបស់ខ្លួនឈរចាំតែម្នាក់ឯង។ ខណៈជនរងគ្រោះមកដល់ ប្រពន្ធរបស់ជនសង្ស័យបានឱ្យលុយទៅអ្នកបេីកបរឡំប្រឺតា រួចបានឈរជជែកគ្នាជាមួយជនរងគ្រោះ ហេីយប្រពន្ធរបស់ជនសង្ស័យបានប្រាប់ឱ្យជនរងគ្រោះចាំបន្តិចខ្លួនទៅបត់ជេីងតូច ហើយភ្លាមៗនោះជនសង្ស័យបានដេីរចេញមក រួចសួរទៅជនរងគ្រោះថា “ហេតុអីបានហ្អែងធ្វើចឹងដាក់ប្រពន្ធខ្ញុំ ឬចង់ឱ្យគ្រួសារខ្ញុំបែកបាក់គ្នា?” ពេលនោះជនរងគ្រោះបានតបវិញថា “ខ្ញុំខុសហេីយបង បងចង់ធ្វើអីខ្ញុំធ្វេីទៅ” ភ្លាមនោះជនសង្ស័យបានវាយជនរងគ្រោះ តែជនរងគ្រោះមិនតវិញទេ។ ឃេីញបែបនេះប្រពន្ធរបស់ជនសង្ស័យបានស្រែកឃាត់ប្តីរបស់គាត់កុំឱ្យវាយ តែជនសង្ស័យបានស្ទុះទៅកាច់មែកឈេីនៅក្បែរនោះមកវាយលេីជនរងគ្រោះបណ្តាលឱ្យដួលសន្លប់ទៅលើដី។ ពេលនោះប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កន្លែងកេីតហេតុឃេីញសកម្មភាពបែបនេះក៏រាយការណ៍ជូនសមត្ថកិច្ច។ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប្រជាការពារ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ជេីងកេីបបានចុះទៅដល់កន្លែងកេីតហេតុនិងបានហៅរថយន្ដមន្ទីរពេទ្យបង្អែកស្រុកកណ្ដាលស្ទឹងដឹកជនរងគ្រោះទៅព្យាបាល និងបានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដេីម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
ដោយ៖ ស្អាងជ័យ