ជារឿងដ៏រស៊ើប និងចម្លែកបំផុត ដែលសារព័ត៌មានក្នុងស្រុកមួយឈ្មោះ VODHOTNEWS.COM ដែលគេបានដឹងថា គេហទំព័រនេះដឹកនាំដោយលោក ប៉ា ងួនទៀង ដែលជានិច្ចកាលមាននិន្នាការគាំទ្រគណបក្សប្រឆាំង បានផ្សព្វផ្សាយនូវអត្ថបទមួយកាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ ដែលមានចំណងជើងថា «លិខិតមិត្តអ្នកអាន៖ យុទ្ធនាការឈុតខ្មៅគឺជាចំណុចផ្តើមនៃបដិវត្តន៍ពណ៌នៅកម្ពុជា?» ។
ក្នុងខ្លឹមសារនៃអត្ថបទបានបង្ហាញយ៉ាងច្បាស់ថាអត្ថបទមួយនេះ គឺមានចរិតជាការផ្សព្វផ្សាយញុះញង់ ឲ្យប្រជាពលរដ្ឋងើបឡើងបះបោរប្រឆាំងនឹងរដ្ឋអំណាចស្របច្បាប់បច្ចុប្បន្នយ៉ាងពិតប្រាកដ។ ក្រៅពីនេះ មានការបង្ហាញអំពីយុទ្ធវិធីញុះញង់តវ៉ាដោយខុសច្បាប់ ពីដំណាក់កាលមួយទៅដំណាក់កាលមួយរបស់អ្នកសរសេរ គឺដើម្បីឈានឆ្ពោះទៅរកការផ្តួលរំលំរដ្ឋាភិបាលដោយប្រើកម្លាំងមហាជន ដែលគេហៅថាដិវត្តពណ៌ ហើយដែលបានកើតមានជាបន្តបន្ទាប់នៅបណ្តាប្រទេសនៅមជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង ហើយជាលទ្ធផល គឺបានធ្វើឲ្យប្រទេសទាំងនោះជួបនូវសង្គ្រាមស៊ីវិលរ៉ាំរ៉ៃរហូតមកដល់ពេលនេះ។
ក្រោយពីមានការផ្សព្វផ្សាយពីវិធីសាស្ត្រនៃការធ្វើបដិវត្តន៍ពណ៌នេះយ៉ាងព្រោងព្រាតរួចមក នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ក៏មានការចេញធ្វើសកម្មភាពតវ៉ារបស់ពលរដ្ឋ និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដូចការអំពាវនាវនេះមែន ទោះបីជាពុំមានការអនុញ្ញាតពីអាជ្ញាធរក៏ដោយ។ គេក៏បានឃើញផងដែរ អត្ថបទនោះ បានរៀបរាប់អំពីការទប់ទល់ជាមួយសមត្ថកិច្ច ប្រសិនបើមានការទប់ស្កាត់មិនឲ្យមានការតវ៉ា និងយុទ្ធវិធីរុញច្រានឲ្យពលរដ្ឋក្រាញននៀល ដើម្បីដណ្តើមជោគជ័យឲ្យខាងតែបានទៀតផង។
ការពិតអត្ថបទនេះ គឺជាសេណារីយ៉ូរបស់ក្រុមចារកម្មនៃប្រទេសមហាអំណាចមួយ ដែលបានលូកដៃកកូរកកាយផ្ទៃក្នុងរបស់កម្ពុជាជាយូរមកហើយ ប៉ុន្តែគ្រាន់តែមិនហ៊ានបញ្ចេញមុខមាត់ពិតប្រាកដប៉ុណ្ណោះ។ បរទេសដែលជាចៅហ្វាយនោះ គឺធ្លាប់បានប្រើយុទ្ធវិធីនេះ ដើម្បីបញ្ជាកូនជឹងរបស់គេជ្រកក្រោមស្លាកសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ឲ្យអនុវត្តនៅបណ្តាប្រទេសមួយចំនួនរួចទៅហើយ។ ជាក់ស្តែងអត្ថបទនោះបានបញ្ជាក់អំពីខ្នងបង្អែកយ៉ាងដូច្នេះថា៖ «…..តាមការរកឃើញរបស់អ្នកស្រាវជ្រាវអាមេរិកាំងដដែល យុទ្ធនាការដែលមិនថាជោគជ័យ ឬបរាជ័យទេ ចំណាយរយៈពេលជាមធ្យម៣ឆ្នាំ។ ដោយសារការសិក្សានេះធ្វើឡើងទៅលើតែយុទ្ធនាការធំៗ ហេតុនេះយើងអាចទាញចេញពីរបកគំហើញនេះថាយុទ្ធនាការតូចៗ ដែលមានគោលដៅត្រឹមតែដោះលែងសកម្មជនប៉ុន្មាននាក់ នឹងចំណាយរយៈពេលតិចជាងនេះឆ្ងាយ ពោលគឺគិតជាខែប៉ុណ្ណោះ កម្រដល់រាប់ឆ្នាំណាស់……»។
តាមរយៈនៃអត្ថបទដ៏គ្រោះថ្នាក់នេះ តើសារព័ត៌មាន VODHOTNEWS.COM នេះ ពិតជាប្រភពនៃរងើកភ្លើងបញ្ឆេះឲ្យមានការប្រមូលផ្តុំ និងពង្រាយមនុស្សឲ្យចូលរួមក្នុងយុទ្ធនាការពាក់អាវពណ៌ខ្មៅ ដើម្បីឈានទៅដល់ការធ្វើបដិវត្តមហាជនដែរឬទេ?
យុទ្ធនាការពាក់អាវពណ៌ខ្មៅនាពេលនេះ មិនមែនជាការទាមទារដើម្បីបង្ហាញអំពីសិទ្ធិសំដែងមតិនោះទេ តាមពិតវាគឺជាយុទ្ធនាការ ការពារជនល្មើសដែលត្រូវតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នទៅវិញទេ ហើយបើកិច្ចការនៃការញុះញង់ឲ្យមានការប្រមូលផ្តុំនេះទទួលបានជោគជ័យ គឺវានឹងឈានដល់ការធ្វើបដិវត្តពណ៌នៅកម្ពុជាជាក់ជាមិនខាន។ ដោយមានការរៀបចំជាផែនការសកម្មភាពដោយស៊ីសង្វាក់គ្នាបែបនេះ បានជម្រុញឲ្យមេដឹកនាំអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានចេញអនុវត្តសកម្មភាពជាក់ស្តែង ទើបឈានដល់ការឃាត់ខ្លួនមេដឹកនាំអង្គការសង្គមស៊ីវិល និងសកម្មជនប្រឆាំងមួយចំនួនបន្ថែមទៀតនៅថ្ងៃទី០៩ ខែឧសភា។ ការចាត់វិធានការទាន់ពេលរបស់សមត្ថកិច្ច គឺដើម្បីពន្លត់រងើកភ្លើងនៃចលនាបដិវត្តពណ៌ដោយខុសច្បាប់នៅកម្ពុជា។ ម្យ៉ាងទៀត ការធ្វើសកម្មភាពផ្គើនទៅនឹងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃបែបនេះ បញ្ជាក់ថា ក្រុមអង្គការមិនមែនរដ្ឋាភិបាល និងសមាគមមួយចំនួនតូចទាំងនោះកំពុងតែធ្វើការសម្តែងមតិ ដោយមិនស្ថិតនៅក្រោមក្របខណ្ឌនៃច្បាប់ និងបានធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋទូទៅយ៉ាងពិតប្រាកដ។
ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មាត្រា៣០ បានចែងថា ក្រសួងមហាផ្ទៃ មានសិទ្ធិលុបឈ្មោះចេញពីបញ្ជីសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកណាដែលធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ ឬបង្កនូវភាពអន្តរាយដល់សន្តិសុខជាតិ ឯកភាពជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់សង្គមជាតិកម្ពុជា ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។
ពាក់ព័ន្ធរឿងនេះ គេសង្ឃឹមថាក្រសួងសាម៉ីដែលគ្រប់គ្រងបណ្តាញសារព័ត៌មានទាំងអស់នៅកម្ពុជា និងក្រសួងមហាផ្ទៃ នឹងចាត់វិធានការផ្លូវច្បាប់ជាធរមាន ចំពោះការផ្សព្វផ្សាយ និងសកម្មភាពដឹកនាំការប្រមូលផ្តុំដោយខុសច្បាប់របស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលមានលក្ខណៈញុះញង់ប៉ះពាល់ដល់អស្ថេរភាពសង្គម និងសន្តិសុខជាតិ បែបនេះជាក់ជាមិនខាន៕