ទស្សនៈវិធាន​ការ​ច្បាប់ទាន់​ពេល​ គឺ​ដើម្បី​ពង្រឹងសុខ​សន្តិភាព​ និង​​នីតិរដ្ឋ​​

ចែករំលែក៖

ជារឿង​ដ៏រស៊ើប និង​ចម្លែក​បំផុត​​ ដែលសារព័ត៌មាន​​ក្នុង​ស្រុក​មួយ​ឈ្មោះ​ VODHO​TNEWS​.COM ដែល​គេ​បាន​ដឹងថា គេហទំ​ព័រនេះដឹកនាំ​ដោយ​លោក​ ប៉ា ងួន​ទៀង​ ​ដែលជានិច្ចកាលមាន​និន្នាការ​​គាំទ្រ​គណបក្ស​ប្រឆាំង​ បាន​ផ្សព្វផ្សាយ​នូវ​អត្ថបទ​មួយ​​កាល​ពី​យប់ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ២០១៦ ​​ដែល​មាន​ចំណង​ជើង​ថា​ «លិខិតមិត្តអ្នកអាន៖ យុទ្ធនាការ​​ឈុត​​ខ្មៅ​គឺ​ជា​ចំណុច​ផ្តើម​​នៃ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​?» ។
ក្នុង​​ខ្លឹម​សារ​នៃ​អត្ថបទបាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​អត្ថបទ​មួយនេះ​​ គឺ​មាន​ចរិត​ជាការ​ផ្សព្វ​ផ្សាយ​​​​ញុះញង់ ​​ឲ្យ​​ប្រជាពលរដ្ឋ​​ងើប​ឡើង​បះបោរ​ប្រឆាំង​នឹង​រដ្ឋអំណាច​​ស្រប​ច្បាប់​បច្ចុប្បន្ន​​យ៉ាង​​ពិត​ប្រាកដ​។ ក្រៅពី​នេះ មានការ​បង្ហាញ​អំពី​យុទ្ធវិធីញុះញង់​​តវ៉ា​ដោយ​ខុសច្បាប់​ ពី​ដំណាក់​កាល​មួយ​ទៅ​ដំណាក់​កាល​​មួយ​​របស់​​អ្នក​​សរសេរ​ គឺ​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​រក​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​​ដោយ​ប្រើ​កម្លាំង​​មហាជន​ ដែល​គេហៅ​ថា​ដិវត្ត​ពណ៌​ ហើយ​ដែល​បាន​កើត​មាន​ជា​បន្ត​បន្ទាប់​នៅ​បណ្តាប្រទេស​នៅមជ្ឈឹម​​បូព៌ា និង​អាហ្រ្វិកខាងជើង​ ហើយ​​ជាលទ្ធផល ​គឺ​បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំង​នោះជួប​នូវ​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ​រហូត​មក​ដល់​ពេល​​នេះ​។
ក្រោយ​ពី​មាន​ការ​ផ្សព្វ​ផ្សាយ​ពី​វិធីសាស្ត្រ​នៃការធ្វើបដិវត្តន៍ពណ៌នេះ​យ៉ាង​ព្រោង​ព្រាត​រួច​មក​ នៅ​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៦ ក៏​មាន​ការ​ចេញ​ធ្វើ​សកម្មភាព​តវ៉ារបស់​ពលរដ្ឋ​ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​​​មួយចំ​នួន​​ដូចការ​អំពាវនាវ​នេះ​មែន​ ទោះបី​ជាពុំ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ក៏ដោយ​។ គេ​ក៏បាន​ឃើញ​ផង​ដែរ អត្ថបទនោះ បាន​រៀប​រាប់​អំពី​ការ​ទប់​ទល់​ជាមួយ​សមត្ថកិច្ច​ ប្រសិន​បើ​មាន​ការ​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​តវ៉ា​ និង​យុទ្ធវិធី​រុញ​ច្រាន​ឲ្យ​ពលរដ្ឋ​ក្រាញ​ននៀល​ ដើម្បី​ដណ្តើម​ជោគ​ជ័យ​​ឲ្យ​ខាង​តែបាន​​ទៀត​ផង​។
ការ​ពិតអត្ថបទនេះ គឺ​ជា​សេណារីយ៉ូ​របស់​ក្រុម​ចារកម្ម​នៃ​ប្រទេស​មហា​អំណាចមួយ​ ដែល​បាន​លូក​ដៃ​​កកូរ​កកាយ​​ផ្ទៃ​ក្នុង​​របស់​កម្ពុជា​ជាយូរ​មក​ហើយ​ ប៉ុន្តែ​គ្រាន់​តែ​មិន​ហ៊ាន​បញ្ចេញ​មុខ​មាត់​​ពិត​ប្រាកដ​​​ប៉ុណ្ណោះ​។ បរទេស​ដែល​ជាចៅហ្វាយ​នោះ​ គឺ​ធ្លាប់​បាន​ប្រើ​​​​យុទ្ធវិធី​នេះ ​​ដើម្បី​បញ្ជា​កូន​ជឹង​​របស់​គេ​ជ្រក​ក្រោម​​ស្លាក​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ឲ្យ​អនុវត្ត​​នៅ​​បណ្តាប្រទេស​មួយ​ចំនួន​រួច​ទៅ​ហើយ​។​ ជាក់​ស្តែង​​អត្ថបទ​នោះ​បាន​​បញ្ជាក់អំពី​ខ្នង​បង្អែក​​យ៉ាង​​​ដូច្នេះ​​​ថា​៖​ «…..តាមការ​រកឃើញរបស់អ្នកស្រាវជ្រាវអាមេរិកាំងដដែល យុទ្ធនាការ​ដែល​មិន​ថា​ជោគជ័យ ឬ​បរាជ័យ​ទេ ចំណាយរយៈពេលជាមធ្យម៣ឆ្នាំ។ ដោយសារ​ការសិក្សា​នេះ​ធ្វើឡើង​ទៅ​លើ​តែ​យុទ្ធនាការ​ធំៗ​ ហេតុនេះយើងអាចទាញ​ចេញ​ពី​របកគំហើញ​​នេះ​ថា​យុទ្ធនាការ​តូចៗ ដែល​មាន​គោលដៅ​ត្រឹមតែ​​ដោះលែង​​សកម្មជន​​ប៉ុន្មាននាក់​ ​នឹង​ចំណាយ​រយៈ​ពេល​តិចជាង​នេះ​ឆ្ងាយ​ ពោលគឺ​គិតជាខែប៉ុណ្ណោះ កម្រដល់រាប់ឆ្នាំណាស់……»។
តាមរយៈនៃ​អត្ថបទដ៏គ្រោះ​ថ្នាក់នេះ តើ​សារព័ត៌មាន​ VODHOTNEWS.COM នេះ​ ពិត​ជាប្រភព​នៃ​រងើក​ភ្លើង​បញ្ឆេះ​​ឲ្យ​​មាន​ការ​​ប្រមូល​ផ្តុំ និង​ពង្រាយ​មនុស្ស​ឲ្យ​ចូលរួមក្នុង​​យុទ្ធនាការ​​ពាក់​អាវ​ពណ៌​ខ្មៅ​ ដើម្បី​ឈាន​​ទៅ​ដល់​ការ​​ធ្វើ​បដិវត្តមហាជន​ដែរឬទេ?
​យុទ្ធនាការ​ពាក់​អាវ​ពណ៌​ខ្មៅនាពេល​នេះ​​ មិន​មែន​ជាការ​ទាម​ទារ​ដើម្បី​បង្ហាញ​អំពី​សិទ្ធិ​​​សំដែង​មតិ​នោះ​ទេ​ តាម​ពិត​វាគឺជា​យុទ្ធនាការ ការពារ​ជន​ល្មើស​ដែល​ត្រូវ​តុលាការ​សម្រេច​​​ឃុំ​​ខ្លួន​​បណ្តោះ​អាសន្ន​​ទៅវិញ​ទេ ហើយ​បើ​កិច្ច​ការ​នៃ​ការ​ញុះញង់ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​​​នេះ​ទទួល​បាន​ជោគជ័យ​ គឺវា​​នឹង​ឈាន​ដល់​ការ​ធ្វើ​បដិវត្ត​ពណ៌នៅកម្ពុជា​​ជាក់​ជាមិន​ខាន​​។ ​ដោយ​​មាន​ការ​រៀបចំ​​ជា​​​ផែន​ការ​សកម្មភាព​ដោយ​​ស៊ីសង្វាក់​គ្នាបែប​​នេះ​ បាន​ជម្រុញ​ឲ្យ​មេ​ដឹក​នាំ​អង្គការក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ចេញ​អនុវត្ត​សកម្មភាព​ជាក់​ស្តែង​ ទើប​ឈាន​ដល់​ការ​ឃាត់​ខ្លួន​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ និង​សកម្មជន​ប្រឆាំង​មួយ​ចំនួន​បន្ថែម​ទៀត​នៅថ្ងៃទី​០៩ ខែ​ឧសភា​​​។​ ការ​ចាត់​វិធាន​ការ​ទាន់​ពេល​​របស់​សមត្ថកិច្ច​ គឺ​ដើម្បី​ពន្លត់​រងើក​ភ្លើង​នៃ​ចលនា​បដិវត្ត​ពណ៌​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា​​។​ ម្យ៉ាង​ទៀត​ ការ​ធ្វើ​សកម្មភាព​ផ្គើន​ទៅ​នឹង​សេច​ក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​មហាផ្ទៃ​​បែប​នេះ​ បញ្ជាក់​ថា​ ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​សមាគម​​​មួយ​ចំនួន​តូចទាំង​​នោះ​​កំពុងតែ​ធ្វើ​ការ​សម្តែង​មតិ​ ដោយ​មិន​ស្ថិត​នៅក្រោម​ក្រប​ខណ្ឌ​នៃ​ច្បាប់​ និងបាន​​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​សន្តិភាព​ និង​សេចក្តី​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​ទូទៅយ៉ាង​ពិត​ប្រាកដ​​។​​​​​​​
ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល មាត្រា៣០ បាន​ចែង​ថា​ ក្រសួង​មហាផ្ទៃ​ មាន​សិទ្ធិ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​សមាគម​ ឬអង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ណា​ដែល​ធ្វើ​សកម្មភាព​ប៉ះពាល់​ដល់​សន្តិ​សុខ​​ ស្ថិរភាព​ និង​សណ្តាប់​ធ្នាប់​សាធារណៈ​​ ឬបង្ក​នូវ​​ភាព​អន្តរាយ​​ដល់​សន្តិសុខជាតិ​ ឯកភាព​ជាតិ​ វប្បធម៌​ ប្រពៃណី​ ទំនៀម​ទម្លាប់​របស់​សង្គម​ជាតិ​កម្ពុជា​ ដោយ​ពុំ​ទាន់​គិត​ដល់​ទោស​ព្រហ្ម​ទណ្ឌ​ផ្សេង​ទៀត​។​​ ​​
ពាក់​ព័ន្ធ​រឿង​នេះ​ គេ​សង្ឃឹម​ថា​ក្រសួង​សាម៉ី​ដែល​គ្រប់​គ្រង​បណ្តាញ​សារព័ត៌មាន​ទាំងអស់​​​នៅកម្ពុជា​​​​ និង​ក្រសួង​មហាផ្ទៃ​ នឹង​ចាត់​វិធាន​ការផ្លូវ​ច្បាប់ជាធរមាន​ ​ចំពោះ​ការ​ផ្សព្វផ្សាយ និង​សកម្មភាព​ដឹក​នាំ​ការ​ប្រមូល​ផ្តុំ​ដោយ​ខុសច្បាប់​របស់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​​ដែល​​មាន​លក្ខណៈ​ញុះញង់​​ប៉ះ​ពាល់​ដល់​អស្ថេរភាព​សង្គម​ និង​សន្តិសុខ​​ជាតិ​​ បែបនេះ​ជាក់​ជា​មិន​ខាន​​៕​​

នគរដ្រេហ្គន
1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print