ខេត្តកំពង់ឆ្នាំង៖ ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នឹងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្នឱ្យបានល្អប្រសើរ កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍តាមគោលដៅសំខាន់ៗ។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃអាទិត្យទី២៤ ខែកក្កដា ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃទី២៣ ខែកក្កដា កម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងជាតិពុល ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអធិការដ្នាននគរបាលតាមបណ្តាក្រុង-ស្រុក និង ក្រុមចម្រុះខេត្ត កម្លាំងប្រជាការពារ បានចេញល្បាតចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ និងត្រួតពិនិត្យច្បាប់ចរាចរណ៍ ពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។
ក្នុងប្រតិបត្តិការខាងលេីនេះ កម្លាំងចម្រុះក៏បានអប់រំអ្នកធ្វើដំណើរកុំឱ្យបេីកបរក្នុងស្ថានភាពស្រវឹង(មានជាតិអាល់កុល) ត្រូវពាក់មួកសុវត្ថិភាព មានកញ្ចក់មើលក្រោយ ពាក់ខ្សែក្រវ៉ាត់ ត្រូវមានផ្លាកលេខ កុំឱ្យប្រើប្រាស់ស៊ីម៉ាំងកែច្ឆៃ ផ្ទុកលើសទម្ងន់ ប្រើប្រាស់រថយន្ត បំពាក់ភ្លើង ខុសលក្ខណៈបច្ចេកទេស(តទ្រុង) អប់រំក្មេងៗដើរលេងពេលយប់មួយចំនួនទៀត ៕
ដោយ៖សហការី