នៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃទី៩ខែឧសភា ដោយជ័យជំនៈអាចធ្លាក់ទៅលើអភិបាលក្រុងDavao លោក Rodrigo Duterte ។
សារព័ត៌មានAP បានដកស្រង់សម្តីមន្ត្រីរៀបចំការបោះឆ្នោតបានឲ្យដឹងថា ពលរដ្ឋជាង៥៥លាននាក់បានចុះឈ្មោះបោះឆ្នោត នៅក្នុងករិយាល័យបោះឆ្នោតជាង៣៦០០០កន្លែងទូទាំងប្រទេសដើម្បីជ្រើសរើសអ្នកស្នងតំណែងប្រធានាធិបតីBenigno Aquino III ដែលមិនអាចបន្តឈរឈ្មោះបានទៀតឡើយតាមច្បាប់ធម្មនុញ្ញប្រទេសនេះ។ ក្រៅពីប្រធានាធិបតីពលរដ្ឋហ្វីលីពីនក៏បានបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ៣០០រូប និងមន្ត្រីឃុំសង្កាត់ ១៨០០០នាក់។
ប៉ូលិសជាង១សែននាក់ត្រូវបានដាក់ពង្រាយនៅក្នុងការបោះឆ្នោតខាងលើ ហើយការបោះឆ្នោតចាប់ផ្តើមឡើងនៅវេលាម៉ោង៦និងបញ្ចប់នៅវេលាម៉ោង១៨។ នៅក្នុងពេលបោះឆ្នោតនោះដែរមានមនុស្ស១០នាក់ស្លាប់ដោយសារតែការវាយប្រហារពីក្រុមខ្មាន់កាំភ្លើង។
តាមលទ្ធផលដែលបានប្រកាសកាលពីថ្ងៃទី៩ខែឧសភាក្រោយពេលរាប់សន្លឹកឆ្នោតបាន៧៥ភាគរយ ឃើញថាលោកDuterte កំពុងតែនាំមុខ ដោយមានសម្លេងគាំទ្រ៣៨,៧២ភាគរយ។ បន្ទាប់មកគឺលោកNanuel Roxas មានសម្លេងគាំទ្រ២២,៣៩ភាគរយ។
មានមូលហេតុច្រើន ដែលធ្វើឲ្យលោក Rodrigo Duterte បានទទួលការគាំទ្រច្រើន។ បើតាមប្រសាសន៍ លោក David Camroux សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ នៅសកលវិទ្យាល័យScience Po. Paris បានបញ្ជាក់ថា ប្រជាជនហ្វីលីពីនទូទៅ គេចូលចិត្តអ្នកណាមាត់ដាច អ្នកណានិយាយលេងច្រើន បែបគ្រោកគ្រាធ អញ្ចឹង។ ក្នុងសន្ទរកថានយោបាយ របស់លោក Rodrigo Duterte នេះគាត់តែងតែនិយាយលេងសើចបែបអាសអាភាស មើលងាយមនុស្សស្រី ជេរគេជេរឯង មិនប្រណីមាត់ទេ។
បេក្ខជននេះ បានទាំងរំលឹកពីករណី ស្ត្រីអ្នកផ្សព្វផ្សាយសាសនាកាតូលិក ជនជាតិអូស្ត្រាលី ដែលត្រូវគេរំលោភនិងសម្លាប់ចោលនៅហ្វីលីពីន កាលពីឆ្នាំ១៩៨៩ ដោយបាននិយាយថា ប្រធានាធិបតីហ្វីលីពីនកាលជំនាន់នោះ គួរណាតែរំលោភស្ត្រីនោះមុនគេ បន្ទាប់មកចាំឲ្យពួកឧក្រិដ្ឋជនរំលោភតាមក្រោយ។ សម្តីនេះ បានធ្វើឲ្យស្ថានទូតអូស្ត្រាលី និងអាមេរិក មានការខឹងសម្បារជាខ្លាំងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោក Rodrigo Duterte បានទាំងគំរាមស្ថានទូតអូស្ត្រាលី និងអាមេរិក កុំឲ្យក្អកទៀតផង។
មនុស្សលោក Rodrigo Duterteនេះ មិនត្រឹមតែក្អេងក្អាង កំរោលចូល តែមាត់អាក្រក់ទៀត។ ក៏ប៉ុន្តែ ប្រជាជនហ្វីលីពីន ជាពិសេសអ្នកក្រីក្រ ដែលមានចំណេះដឹងទាប គេចូលចិត្តសម្តីបែបហ្នឹង។ តែបើនិយាយពីបុគ្គលិកលក្ខណៈ មនុស្សនេះ គឺមិនសក្តិសមធ្វើជាអ្នកដឹកនាំស្រុកទេ៕
ប្រែសម្រួល៖ ម៉ែវ សាធី