ខេត្តព្រះសីហនុ៖ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាមួយគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុបានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ” ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាពនិងមនុស្សធម៌ ” និងដុតបំផ្លាញចោលនូវវត្ថុតាងជាគ្រឿងញៀនជិត៦០គីឡូក្រាមនាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ពិធីដុតបំផ្លាញនេះប្រព្រឹត្តទៅនៅក្រោមអធិបតីភាពនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក គួច ចំរើន អភិបាល និងជាប្រធានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមេពីលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ កំពត និងខេត្តកំពង់ស្ពឺ និងប្រតិភូ ស្ថាប័នសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន៣ ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកំពង់ស្ពឺ និងមន្រ្តីរាជការ កងកម្លាំងគ្រប់ប្រភេទប្រជាពលរដ្ឋសិស្ស និស្សិត យុវជនសសយក កាកបាទក្រហម និងកាយរិទ្ធ សរុប៥៦០នាក់។
លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុឲ្យដឹងថា វត្ថុតាងគ្រឿងញៀនដែលបានបង្កភាពមហន្តរាយដល់អ្នកប្រើ ក្រុមគ្រួសារ និងសហគមន៍ មានជិត៦០គីឡូក្រាម ក្នុងនោះ ខេត្តព្រះសីហនុ មានជាង២០គីឡូក្រាម, ខេត្តកំពង់ស្ពឺ ជាង៣១ គីឡូក្រាម និងខេត្តកំពតជាង០៥គីឡូក្រាម ត្រូវបានដុតបំផ្លាញ។
សារលិខិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលអានដោយលោកគួច ចំរើន គឺបង្ហាញពីថារាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀនជាសេនាធិការ ក្នុងការដោះស្រាយបញ្ហាគ្រឿង ញៀន ដោយប្រកាន់យកនូវតុល្យភាពរវាងបញ្ហាសុខភាព មនុស្សធម៌ និងវិធានការច្បាប់ព្រមទាំងចាត់ទុកអ្នកប្រើគ្រឿងញៀនគឺជាជនរងគ្រោះដែលត្រូវទទួលបានការយកចិត្តទុកដាក់ព្យាបាល ស្តារនីតិសម្បទា ជាជាងទទួលនូវការចោទប្រកាន់តាមផ្លូវច្បាប់ ស្របតាមប្រធានបទប្រចាំឆ្នាំរបស់អង្គការយូ អ៊ិន អូ ឌី ស៊ី (UNODC) ដោយឈរលើគោលការណ៍ សុខភាព និង មនុស្សធម៌ ជាមូលដ្ឋាន បើទោះបីស្ថិតក្នុងកាលៈទេសៈលំបាក និងប្រឈមយ៉ាងណាក្តី ។
នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានថ្លែងថា គ្រឿងញៀននៅតែជាបញ្ហាដែលតម្រូវឱ្យគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្រូវបន្តអនុវត្តនូវយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងគ្រឿងញៀនផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ គ្រប់មន្ទីរ អង្គភាពទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ម្ចាស់ការ សម្របសម្រួល ដឹកនាំអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការផ្សព្វផ្សាយអប់រំបង្ការ ទប់ស្កាត់តាមគ្រប់មធ្យោបាយ បង្រ្កាប និងដោះស្រាយនូវរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន និងគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំ នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស ឲ្យបានហ្មត់ចត់ និង មានប្រសិទ្ធភាពខ្ពស់ ដើម្បីទប់ស្កាត់បានរាល់ការលួចបង្វែរពីជំនួញស្របច្បាប់ យកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសកម្ពុជា៕
ដោយ៖ សូរិយា