ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី​ ណែនាំដល់ថ្នាក់ដឹកនាំគណបក្សមូលដ្ឋានស្រុកស្ទឹងត្រង់បន្តយកចិត្តទុកដាក់​ដោះស្រាយ​​ការផ្តល់​សេវា​សំណូមពរ និង​សេវា​កាតព្វកិច្ចជូន​ប្រជាពលរដ្ឋឱ្យដូចភ្លៀងរលឹម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ សូមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋាន ស្រុកស្ទឹងត្រង់បន្តកិច្ចខិតខំ​​យកចិត្តទុកដាក់​ធ្វើ​ការ​ដោះស្រាយនូវ​​សេវា​សំណូមពរ និង​សេវា​កាតព្វកិច្ចជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ប្រសាសន៍ក្រើនរំលឹកបែបនេះត្រូវបាន លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី​ ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម លើកឡើងក្នុង​កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ អាណត្តិទី៥​ របស់ស្រុកស្ទឹងត្រង់ នាព្រឹក​ថ្ងៃទី៤ ខែសីហា​​ ឆ្នាំ​២០២២​។ ពិធីនេះក៏មានការ​អញ្ជើញ​ចូលរួម​ពី​លោកហ៊ុន ម៉ា
និត អនុប្រធានទី១ក្រុមការងារចុះជួយខេត្ត លោកអ៊ុន​ ចាន់ដា​ ប្រធាន​គណៈកម្មាធិការ​គណបក្សខេត្ត​ និង​ថ្នាក់ដឹកនាំ​ សមាជិក​ ​សមាជិកា​គណបក្សប្រមាណ៥០០នាក់ នៅទីស្នាក់ការគណបក្សស្រុកស្ទឹងត្រង់។

ពិធីនេះក៏មានការប្រកាសទទួលស្គាល់លោកហ៊ុន ម៉ានិត ជាប្រធានក្រុមការងារគណបក្ស និងរាជរដ្ឋាភិបាលចុះជួយស្រុកស្ទឹងត្រង់ផងដែរ។

បន្ទាប់ពីលោក អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តអញ្ជើញអានខ្លឹមសារនៃការផ្សព្វផ្សាយលទ្ឋផលសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងមតិចូលរួមចែករំលែកបទពិសោធន៍របស់លោកហ៊ុន ម៉ានិត អនុប្រធានទី១ក្រុមការងារចុះជួយខេត្តរួចមក លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានរក្សាការជឿទុកចិត្ត និងផ្តល់ការគាំទ្រជារៀងរហូតដល់ សម្ដេចតេជោ និងតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យមានឱកាសបន្តបំពេញកាតព្វកិច្ចក្នុងការបម្រើប្រជាជនឱ្យកាន់តែមានជីវភាពសម្បូរសប្បាយ និងដឹកនាំការអភិវឌ្ឍឃុំ-សង្កាត់​ បន្តទៀតពីឆ្នាំ២០២២ដល់ឆ្នាំ២០២៧ ។​
លោកឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារបាន​ណែនាំ​ដល់​មន្ត្រី​បក្ស​ទាំងអស់​ត្រូវ​បេីក​វេទិកា​សាធារណៈ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ដេីម្បី​ឱ្យបាន​ដឹង​ថា​តើប្រជាពលរដ្ឋ​ខ្វះខាត​អ្វី​ ​និងត្រូវ​ការ​អ្វី​ ហេីយយើង​ត្រូវ​ដោះស្រាយ​ជូន​គាត់​។
លេីសពី​នោះ​ត្រូវ​បន្តជំរុញនិងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព​ គឺ​ត្រូវ​ខិតខំលើកកម្ពស់អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងឆាប់រហ័សជូនប្រជាពលរដ្ឋ ជាពិសេស​ត្រូវ​ពង្រឹងយុត្តិធម៌ និងសមធម៌សង្គម ដោយអនុវត្ត​ឱ្យបានម៉ឺងម៉ាត់នូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។​ ត្រូវដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព​ ។

ជាមួយគ្នា​នោះ​ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី​ ក៏បានណែនាំដល់ថ្នាក់ដឹកនាំគណបក្សឃុំ និងបក្សភូមិ ត្រូវមានឆន្ទៈស្មោះត្រង់​ និងទទួលខុសត្រូវខ្ពស់ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជា​ពលរដ្ឋ​ ព្រមទាំងរៀបចំវិធានការស្វ័យតាមដានការងាររបស់ខ្លួន ហេីយត្រូវចាត់វិធានការឱ្យមានប្រសិទ្ធភាពលើការលុបបំបាត់ភាពអសកម្មនានា​ឱ្យដូចភ្លៀងរលឹម។ លេីសពី​នោះ​ត្រូវបន្តថែរក្សាសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលដែលមាននៅក្នុងមូលដ្ឋាន និងលើកទឹកចិត្តពង្រឹងពង្រីកការចូលរួមរបស់ប្រជា​ពលរដ្ឋ​ ក្នុងការថែទាំសមិទ្ធផលនោះផងដែរ​ ៕

...

ដោយ៖ អ្នកប្រមាញ់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print