ខេត្តកំពង់ចាម ៖ សូមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋាន ស្រុកស្ទឹងត្រង់បន្តកិច្ចខិតខំយកចិត្តទុកដាក់ធ្វើការដោះស្រាយនូវសេវាសំណូមពរ និងសេវាកាតព្វកិច្ចជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ប្រសាសន៍ក្រើនរំលឹកបែបនេះត្រូវបាន លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម លើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ អាណត្តិទី៥ របស់ស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកហ៊ុន ម៉ា
និត អនុប្រធានទី១ក្រុមការងារចុះជួយខេត្ត លោកអ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រមាណ៥០០នាក់ នៅទីស្នាក់ការគណបក្សស្រុកស្ទឹងត្រង់។
ពិធីនេះក៏មានការប្រកាសទទួលស្គាល់លោកហ៊ុន ម៉ានិត ជាប្រធានក្រុមការងារគណបក្ស និងរាជរដ្ឋាភិបាលចុះជួយស្រុកស្ទឹងត្រង់ផងដែរ។
បន្ទាប់ពីលោក អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តអញ្ជើញអានខ្លឹមសារនៃការផ្សព្វផ្សាយលទ្ឋផលសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងមតិចូលរួមចែករំលែកបទពិសោធន៍របស់លោកហ៊ុន ម៉ានិត អនុប្រធានទី១ក្រុមការងារចុះជួយខេត្តរួចមក លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានរក្សាការជឿទុកចិត្ត និងផ្តល់ការគាំទ្រជារៀងរហូតដល់ សម្ដេចតេជោ និងតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យមានឱកាសបន្តបំពេញកាតព្វកិច្ចក្នុងការបម្រើប្រជាជនឱ្យកាន់តែមានជីវភាពសម្បូរសប្បាយ និងដឹកនាំការអភិវឌ្ឍឃុំ-សង្កាត់ បន្តទៀតពីឆ្នាំ២០២២ដល់ឆ្នាំ២០២៧ ។
លោកឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារបានណែនាំដល់មន្ត្រីបក្សទាំងអស់ត្រូវបេីកវេទិកាសាធារណៈក្នុងមូលដ្ឋានរបស់ខ្លួនដេីម្បីឱ្យបានដឹងថាតើប្រជាពលរដ្ឋខ្វះខាតអ្វី និងត្រូវការអ្វី ហេីយយើងត្រូវដោះស្រាយជូនគាត់។
លេីសពីនោះត្រូវបន្តជំរុញនិងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព គឺត្រូវខិតខំលើកកម្ពស់អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងឆាប់រហ័សជូនប្រជាពលរដ្ឋ ជាពិសេសត្រូវពង្រឹងយុត្តិធម៌ និងសមធម៌សង្គម ដោយអនុវត្តឱ្យបានម៉ឺងម៉ាត់នូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។ ត្រូវដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។
ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក៏បានណែនាំដល់ថ្នាក់ដឹកនាំគណបក្សឃុំ និងបក្សភូមិ ត្រូវមានឆន្ទៈស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងរៀបចំវិធានការស្វ័យតាមដានការងាររបស់ខ្លួន ហេីយត្រូវចាត់វិធានការឱ្យមានប្រសិទ្ធភាពលើការលុបបំបាត់ភាពអសកម្មនានាឱ្យដូចភ្លៀងរលឹម។ លេីសពីនោះត្រូវបន្តថែរក្សាសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលដែលមាននៅក្នុងមូលដ្ឋាន និងលើកទឹកចិត្តពង្រឹងពង្រីកការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការថែទាំសមិទ្ធផលនោះផងដែរ ៕
ដោយ៖ អ្នកប្រមាញ់