ខេត្តរតនគិរី៖ ក្រុមហ៊ុន ហ័ងអាញ់លំផាត់មានការភ្ញាក់ផ្អើលថា សត្វគោជាច្រើនក្បាលបានងាប់ជារៀងរាល់ថ្ងៃមិនដឹងពីមូលហេតុ នៅស្រុកកូនមុំ។
សត្វគោជាច្រើនក្បាលបានងាប់ជាបន្តបន្ទាប់អស់រយ:ពេលកន្លះខែមកហើយទើបមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១១ ខែឧសភាឆ្នាំ២០១៦នេះស្ថិតនៅដីក្រុមហ៊ុនហ័ងអាញ់លំផាត់ ជាក្រុមហ៊ុនវៀតណាមទទួលសិទ្ធដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ចំនួនផ្ទៃដី២មឺុនហិកតា ប៉ុន្តែក្រុមហ៊ុននេះបែរជាដឹកគោមកពីប្រទេសវៀតណាមរាប់ពាន់ក្បាលមកចិញ្ចឹមហើយដាំស្មៅទុកសំរាប់ឲ្យគោសីុទៅវិញដែលមានទីតាំងស្ថិតនៅភូមិ៣ ឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី។
ប្រជាពលរដ្ឋបាននិយាយតៗគ្នាថាក្រុមហ៊ុនមួយនេះបានកាប់បំផ្លាញព្រៃឈើអស់ទៅហើយបែរមកបើកកសិដ្ឋានចិញ្ចឹមគោទៅវិញហើយដាំស្មៅធ្វើឲ្យអាកាសធាតុនៅទីនេះមានការក្តៅខ្លាំងព្រោះគ្មានដើមឈើសំរាប់ទប់នឹងកំដៅនោះឡើយ។
ទាក់ទិនគោងាប់ជាច្រើនក្បាលនេះលោក ផាន តិ អធិការរងនគបាលស្រុកកូនមុំ បានឲ្យដឹងតាមទូរស័ព្ទនៅសៀលថ្ងៃទី១១ខែឧសភាឆ្នាំ២០១៦នេះថា បណ្តាលមកពីកម្មករក្រុមហ៊ុនកិនគ្រាប់ដូងប្រេងឲ្យគោសីុហេតុដូចនេះបានធ្វើឲ្យពុលគោរាប់រយក្បាលងាប់ដូច្នេះ។
គេដាក់ការសង្ស័យថា ក្រុមហ៊ុនមួយនេះកំពុងតែយកសាច់គោដែលងាប់នោះលក់ទៅឲ្យឈ្មួញមួយចំមួននៅក្នុងខេត្តរតនគិរី ដើម្បីចែកចាយគ្រប់ច្រកល្ហកដោយគ្មានការពិនិត្យពីពេទ្យសត្វឡើយ។ ចំណែកខាងក្រុមហ៊ុនអ្នកសាព័ត៌មានមិនអាចសុំការបំភ្លឺបានទេ រាល់បាតុភាពទាំងនេះ ខណ:ពេលនេះដែរ អាជ្ញាធរស្រុកកូនមុំកំពុងតែទប់ស្កាត់នៅការនាំសាច់គោងាប់ទាំងនេះមិនឲ្យយកទៅចែកចាយឬលក់បន្តទៀតទេ ៕
ដោយៈវុទ្ធឦសាន្ត