ភ្នំពេញៈ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William A. Heidt និងលោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន បានផ្តួចផ្តើមគំរោងថ្មីមួយ នៅថ្ងៃនេះ ដើម្បីទ្រទ្រង់ដល់ការខិតខំរបស់ប្រទេសកម្ពុជា ក្នុងការកែលំអតំលាភាពផ្នែកសារពើពន្ធ និងគណនេយ្យភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ប្រទេសកម្ពុជា។ គំរោងផ្តួចផ្តើមនេះ ដែលរៀបចំបង្កើតរួមគ្នាដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងការិយាល័យផ្តល់ជំនួយបច្ចេកទេស (OTA) របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក នឹងដាក់អោយធ្វើការជាមួយគ្នានូវអ្នកឯកទេសមកពី OTA និងអ្នកឯកទេសមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ដើម្បីជំរុញបន្ថែមដល់របៀបវារៈលើកំណែទំរង់នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋាភិបាល។
លោកឯកអគ្គរដ្ឋទូត Heidt បានធ្វើការកត់សំគាល់ថា “ការគ្រប់គ្រងប្រកបដោយតំលាភាព និងប្រសិទ្ធភាព លើធនធានហិរញ្ញវត្ថុរបស់ប្រទេសមួយមានសារៈសំខាន់ចាំបាច់ដល់កំណើនលូតលាស់សេដ្ឋកិច្ចយូរអង្វែង។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានទទួលជោគជ័យគួរអោយចាប់អារម្មណ៍ ក្នុងការលើកកំពស់ការប្រមូលប្រាក់ចំណូលរបស់ខ្លួន ពី១៥,៦% នៃផលិតផលសរុបក្នុងស្រុក នៅឆ្នាំ ២០១១ ដល់ជាង ១៩% នៅឆ្នាំ ២០១៣។ ការនេះផ្តល់អោយរដ្ឋាភិបាលកម្ពុជានូវធនធានបន្ថែមទៀតក្នុងចំនួនច្រើនគួរសម សំរាប់យកទៅប្រើក្នុងផ្នែកសង្គមកិច្ច។ កិច្ចព្រមព្រៀងនេះនឹងជួយអោយក្រសួងសំរេចជោគជ័យច្រើនថែមទៀត ក្នុងការបង្កើនប្រសិទ្ធភាពនៃធនធានថវិការបស់ខ្លួន”។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ទីប្រឹក្សាមកពី OTA នឹងធ្វើការជាមួយក្រសួងហិរញ្ញវត្ថុ ដើម្បីកែលំអការបែងចែកសំរាប់យកទៅចាយវាយនូវធនធានសាធារណៈ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្នុងជំហានដំបូង ជំនួយនេះនឹងផ្តោតលើការជួយដល់ក្រសួងសុខាភិបាល ដែលជាក្រសួងសមភាគីសំខាន់ជាងគេ សំរាប់ទីភ្នាក់ងារ USAID ។ ទីប្រឹក្សាទាំងនោះក៏នឹងជួយផងដែរដល់នាយកដ្ឋានថវិការបស់ក្រសួងហិរញ្ញវត្ថុ នៅក្នុងការពង្រីកកម្មវិធីដល់ក្រសួងដទៃទៀតរបស់រដ្ឋាភិបាល និងស្ថាប័នរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ។
លោករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្នបានពន្យល់ថា “យើងរីករាយនឹងសហការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក លើគំរោងផ្តួចផ្តើមដ៏សំខាន់នេះ។ ដោយសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានកំណើន ការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៃធនធានជាតិដ៏មានតំលៃរបស់យើង ក៏កាន់តែមានសារៈសំខាន់ច្រើនឡើងផងដែរ”៕
ដោយ សុខ ខេមរា