ខេត្តក្រចេះ៖សត្វផ្សោតញីមួយក្បាលទម្ងន់៨០គីឡូក្រាមត្រូវបានគេប្រទះឃើញងាប់អណ្តែតទឹកទន្លេមេគង្គកាលពីរសៀលថ្ងៃទី១០ខែឧសភាត្រង់ចំណុចអន្លង់កោះផ្តៅស្ថិតក្នុងស្រុកសំបូរខេត្តក្រចេះហើយត្រូវបានក្រុមការងារអភិរក្សរបស់អង្គការWWF ប្រចាំខេត្តក្រចេះចុះទៅពិនិត្យរកមូលហេតុនៃការងាប់របស់ប្រភេទសត្វដ៏កម្រនេះ។
យ៉ាងណាក៏ដោយក្រោយពីប្រទះឃើញសត្វផ្សោតដែលជាប្រភេទសត្វដ៏កម្របានងាប់ជាបន្តបន្ទាប់មកនោះបានធ្វើឱ្យពលរដ្ឋមួយចំនួនពិសេសពលរដ្ឋដែលរស់នៅតំបន់អេកូទេសចរណ៍កាំពីក្នុងស្រុកចិត្របុរីដែលពឹងផ្អែកលើការរកប្រាក់ចំណូលពីវិស័យទេសចរណ៍តាមរយៈសត្វផ្សោតមានការព្រួយបារម្ភអំពីការបាត់បង់ចំនួនត្រីផ្សោតនៅទន្លេមគង្គ។ជាងនេះទៅទៀតបើសិនជាមន្ត្រីជំនាញឬស្ថាប័នពាក់ព័ន្ធមិនយកចិត្តទុកដាក់ពង្រឹងការអភិរក្សសត្វផ្សោតឱ្យទាន់ពេលនោះទេសត្វផ្សោតទឹកសាបដ៏កម្រអាចឈានទៅដល់ការផុតពូជនៅពេលខាងមុខ។
លោកម៉ុកពន្លកនាយរងខណ្ឌរដ្ឋបាលជលផលក្រចេះនិងជាប្រធានឆ្មាំទន្លេបានឱ្យដឹងតាមទួរស័ព្ទថាសត្វផ្សោតដែលងាប់ហើមរលួយនេះជាផ្សោតញីមានទម្ងន់៨០គីឡូក្រាមមានប្រវែង១៨៣សង់ទីម៉ែត្រហើយមូលហេតុដែលនាំឱ្យសត្វផ្សោតនេះងាប់គឺបណ្តាលមកពីជាប់មងរបស់អ្នកនេសាទ។
លោកបន្តថាក្រោយពីប្រទះឃើញសត្វផ្សោតនេះងាប់រួចមកក្រុមការងារអភិរក្សរបស់អង្គការWWFប្រចាំខេត្តក្រចេះបានចុះទៅពិនិត្យនិងបានយកធ្មេញនិងស្បែកទៅពិនិត្យនៅភ្នំពេញហើយសត្វនេះអាចងាប់នៅក្នុងចន្លោះពី៤ទៅ៥ថ្ងៃព្រោះសាកសពសត្វផ្សោតមានសភាពហើមរលួយ។
យ៉ាងណាក៏ដោយបើតាមការលើកឡើងពីពលរដ្ឋដែលរស់នៅតំបន់អេកូទេសចរណ៍អន្លង់ផ្សោតព្រែកកាំពីបាននិយាយថាសព្វថ្ងៃនេះនៅតំបន់អភិរក្សសត្វផ្សោតគឺមានការលួចរាយមងចាប់ត្រីឆក់ក្តៅឆក់ត្រជាក់នាពេលយប់ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅរបស់សត្វផ្សោតទឹកសាបដ៏កម្រពួកគាត់បានអំពាវនាវឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់លើការអភិរក្ស៕
កោះទ្រុង