សហគមន៍អឺរ៉ុបស្នើឲ្យសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ីជួយដោះស្រាយវិបត្ដិជនភៀសខ្លួន

ចែករំលែក៖

មន្ដ្រីជាន់ខ្ពស់មួយរូបរបស់សហគមន៍ អឺរ៉ុបដែលមិនបញ្ចេញឈ្មោះបានប៉ាន់ស្មាន ថា វិបត្ដិជនភៀសខ្លួនអាចធ្វើឱ្យអឺរ៉ុបបែក បាក់ជាមិនខាននៅពេលអនាគត ប្រសិន បើគ្មានការជួយអន្ដរាគមន៍ពីអាមេរិក និង រុស្ស៊ីនោះទេ។

ក្រោយពេលបញ្ចប់កិច្ចប្រជុំជាន់ខ្ពស់នៅទីក្រុងប្រ៊ុចសែលប្រទេសបែលហ្ស៊ិក មេដឹកនាំសហគមន៍អឺរ៉ុបបានសម្រេច ចំណាយប្រាក់១ពាន់លានអឺរ៉ូដល់អង្គការផ្ដល់ជំនួយអន្ដរជាតិសម្រាប់សាងសង់ជំរំឱ្យជនភៀសខ្លួនរស់នៅជិតតំបន់ដែល មានហិង្សា ចៀសវាងនាំគ្នាសម្រុកចូលមក អឺរ៉ុប។
ក្រៅពីនេះអឺរ៉ុបក៏បានបង្កើតផ្ដល់ជំនួយ ដល់ប្រទេសលីបង់ ទួរគី និងហ្ស៊កដង់ សម្រាប់ជួយដល់ជនភៀសខ្លួនរាប់លាននាក់រត់គេចពីសង្គ្រាមនៅក្នុងប្រទេសស៊ីរី។ សកម្មភាពខាងលើរបស់អឺរ៉ុបដើម្បីទប់ស្កាត់ ការហូរចូលអឺរ៉ុបដោយប្រថុយគ្រោះថ្នាក់ គ្រប់បែបយ៉ាង។
ក្រោយកិច្ចប្រជុំប្រធានាធិបតីបារាំងលោក ហ្វ្រង់ស័រ ហូឡង់ បញ្ជាក់ថា គ្មាន សមាជិកណាមួយអាចបដិសេធចែក ចាយទទួលជនភៀសខ្លួន១២០ពាន់នាក់ ដែលកំពុងតែស្នាក់នៅក្នុងប្រទេសក្រិក និងអុីតាលីនោះទេ។ ប្រធានសហគមន៍ អឺរ៉ុបលោក Donald Tusk ប្រកាសថា កិច្ចប្រជុំពិតជាទទួលបានជោគជ័យដោយ បានសម្រេចនូវគោលនយោបាយធំៗ លើសពីការរំពឹងទុក។ លោកបន្ដទៀតថា វិធីសាស្ដ្រដែលយើងអនុវត្ដនៅថ្ងៃនេះមិន អាចបញ្ចប់នូវវិបត្ដិទាំងស្រុងទេ ប៉ុន្ដែវាជា ជំហានដ៏ល្អប្រសើរ និងចំគោលដៅក្នុងការដោះស្រាយវិបត្ដិជនភៀសខ្លួន។
ចំណែកអធិការបតីអាល្លឺម៉ងលោកស្រី អេងហ្គេឡា ម៉ាក់កែល មានប្រសាសន៍ ទៅកាន់រដ្ឋសភាថា នេះជាជំហានចាប់ផ្ដើម ប៉ុណ្ណោះ ហើយអឺរ៉ុបត្រូវការអន្ដរាគមន៍ពីអាមេរិកនិងរុស្ស៊ីក៏ដូចជាប្រទេសនៅតំបន់មជ្ឈិមបូព៌ាក្នុងការដោះស្រាយវិបត្ដិខាងលើឱ្យបញ្ចប់ទៅដោយជោគជ័យ។
ប្រសិនបើមិនមានវិធានការដោះស្រាយ ឱ្យបានទាន់ពេលវេលាទេ នោះអឺរ៉ុបអាច នឹងត្រូវបែកបាក់គ្នាដោយសារតែជនភៀស ខ្លួនកាន់តែកើនឡើងខ្ពស់។
ក្រុមអ្នកឯកទេសវិភាគបានបញ្ជាក់ថា បើចង់បញ្ចប់វិបត្ដិជនភៀសខ្លួនមានតែ បញ្ចប់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ពិសេស នៅក្នុងប្រទេសស៊ីរីតែម្ដង។ ប៉ុន្ដែការ បញ្ចប់សង្គ្រាមនោះមានតែផ្ដួលរំលំរដ្ឋា ភិបាលរបស់លោក អាល់អាសាដ ទើប អាចបញ្ចប់បាន តែការផ្ដួលរំលំលោក អាល់អាសាដ មិនមែនជារឿងងាយស្រួល នោះឡើយដោយប្រទេសរុស្ស៊ីមិនអនុញ្ញាត នោះទេ។
កន្លងមកថ្មីៗរុស្ស៊ីបានបង្កើនកម្លាំង ទាហានទាំងជើងទឹកជើងគោក និងជើង អាកាសទៅកាន់ប្រទេសស៊ីរីក្នុងគោល ដៅការពាររដ្ឋាភិបាលរបស់លោកអាល់ អាសាដ។ រុស្ស៊ីនិងស៊ីរីមានទំនាក់ទំនង ប្រពៃណីជាច្រើនជំនាន់មកហើយតាំង ពីឪពុករបស់លោក អាល់អាសាដ កាន់ តំណែងមកម្លេ៉ះ ហើយរុស្ស៊ីមានកាតព្វកិច្ច ការពារស៊ីរី ពិសេសរបបរបស់លោកអាល់ អាសាដ។
អតីតសហភាពសូវៀតបានចងសម្ពន្ធមិត្ដយោធាជាមួយស៊ីរីតាំងពីឆ្នាំ១៩៧១ មកម្លេ៉ះ ពេលដែលអតីតប្រធានាធិបតី Hafez Al Assad ឪពុករបស់លោកបាសា អាល់អាសាដ បានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិរួមជាមួយទីក្រុងមូស្គូ។ កិច្ចព្រមព្រៀងនោះអនុញ្ញាតឱ្យសូវៀត មានសិទ្ធិចូលចតនៅកំពង់ផែប្រទេសស៊ីរីសម្រាប់នាវាចម្បាំងគ្រប់ប្រភេទ។ ប៉ុន្ដែ លោក អាល់អាសាដ ឪពុកមិនអនុញ្ញាតឱ្យនាវាចម្បាំងរុស្ស៊ីចតនៅយូរនោះឡើយ។
រដ្ឋាភិបាលអាមេរិកបង្ហាញការព្រួយ បារម្ភយ៉ាងខ្លាំងពីសកម្មភាពយោធារបស់ រុស្ស៊ីកាន់តែកើនឡើងនៅក្នុងប្រទេសស៊ីរី។ តាមប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកនេះគឺ ជាសកម្មភាពដូចទៅនឹងអ្វីដែលប្រធានា ធិបតីរុស្ស៊ីធ្លាប់បានធ្វើនៅតំបន់ស្វយ័តគ្រីមៀអ៊ីចឹងដែរ។
តាមសារព័ត៌មាន New York Post បាន ផ្សាយថា ជាច្រើនឆ្នាំកន្លងមករុស្ស៊ីបានជួយ ជាច្រើនដល់រដ្ឋាភិបាលរបស់ប្រធានាធិប តី អាល់អាសាដ រក្សាតំណែងប្រធានាធិបតី បានគង់វង្ស ប៉ុន្ដែឥទ្ធិពលរបស់លោក បានថយចុះបន្ដិចម្ដងៗ។ តាមសារព័ត៌ មានខាងលើបានបញ្ជាក់ថា ពេលថ្មីៗនេះ រុស្ស៊ីមានសកម្មភាពចង់គ្រប់គ្រងស៊ីរីវិញ ម្ដង ដោយទុកឱ្យលោក អាល់អាសាដ នៅរក្សាតំណែងដដែលដូចតំបន់ស្វយ័ត គ្រីមៀនោះដែរ។
សារព័ត៌មានខាងលើបញ្ជាក់ថា លោក ពូទីន ធ្លាប់បានអនុវត្ដគម្រោងពង្រីកទឹក ដីបន្ថែមដោយយកប្រទេសនៅជិតខាង ដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួន។ យុទ្ធ សាស្ដ្ររបស់រុស្ស៊ីក្នុងការពង្រីកឥទ្ធិពល នោះគឺពឹងផ្អែកទៅលើពលរដ្ឋនៅក្នុងតំបន់ នោះដែលត្រូវការរុស្ស៊ីជួយជាចាំបាច់ទាំង ការជួយដោយប្រយោលឬផ្ទាល់ក្តី។
រុស្ស៊ីនឹងបញ្ជូនយន្ដហោះចម្បាំងព្រមទាំងកាំជ្រួចមីស៊ីលទៅផ្គត់ផ្គង់ឱ្យកម្លាំង ទាហានស៊ីរីក្នុងការរក្សារដ្ឋធានី ប៉ុន្ដែ ក្រុមអ្នកឯកទេសបញ្ជាក់ថា អាវុធទាំង នោះស្ថិតនៅក្នុងការគ្រប់គ្រងរបស់រុស្ស៊ីទៅវិញ។ តាមការប៉ាន់ប្រមាណរបស់អុីរ៉ង់បច្ចុប្បន្នរុស្ស៊ីមានកម្លាំងយោធា និងក្រុម ឯកទេសយោធារហូតដល់២ម៉ឺននាក់នៅ ក្នុងប្រទេសស៊ីរី។ ទាំងនោះបញ្ជាក់ថា រដ្ឋធានីស៊ីរីគង់វង្សរហូតដល់សព្វថ្ងៃដោយ បានកម្លាំងរុស្ស៊ីការពារប៉ុណ្ណោះ។
តាមសារព័ត៌មាន New York Post បាន ផ្សាយថា រុស្ស៊ីកំពុងតែអនុវត្ដគម្រោងរបស់ខ្លួននៅលើទឹកដីស៊ីរីដូចអ្វីដែលប្រទេស បារាំងធ្លាប់បានធ្វើកាលពីឆ្នាំ១៩២០ ពេល នោះស៊ីរីស្ថិតក្រោមអាណានិគមរបស់ បារាំង។ ពេលនោះស៊ីរីត្រូវបានបែងចែក ជា៥ចំណែក ហើយបារាំងគ្រប់គ្រងបាន តែមួយចំណែក ប៉ុណ្ណោះស្ថិតនៅតំបន់ភ្នំភាគខាងលិច និងតាមបណ្ដោយឆ្នេរសមុទ្រត្រូវបារាំងដាក់ឈ្មោះ La Syrie Utile “តំបន់មានប្រយោជន៍នៅស៊ីរី”។ ចំណែក តំបន់ដទៃទៀតដែលគ្មានមនុស្សរស់នៅ ជាវាលរហោឋានក្លាយទៅជាដីគ្មានម្ចាស់។
តំបន់ដែលបារាំងគ្រប់គ្រងនោះមានតែ១៥ភាគរយនៃផ្ទៃដីសរុប ប៉ុន្ដែពេលនេះ ក្លាយទៅជាទីតាំងដែលមានពលរដ្ឋស៊ីរី ជាងពាក់កណ្ដាលរស់នៅទីនោះ ហើយ គ្រួសារលោក អាល់អាសាដ ក៏ជាអ្នកស្រុក នៅទីនោះដែរ។
សារព័ត៌មាន New York Post បញ្ជាក់ ថា រុស្ស៊ីក្លាយជាប្រទេសដែលការពារសហ គមន៍ជនជាតិ Alawite ជាមួយជនជាតិ ភាគតិចដទៃទៀត រួមទាំងពលរដ្ឋស៊ីរី ផងដែរ។ ទាំងនោះហើយជួយឱ្យរុស្ស៊ីមានសំឡេងនៅក្នុងតំបន់ទាំងនោះហើយអាចបង្កើតទៅជាតំបន់ស្វយ័តចែករំលែក អំណាចពីរដ្ឋាភិបាលស៊ីរីទៅគ្រប់គ្រងដូចអ្វីដែលរុស្ស៊ីធ្លាប់បានធ្វើនៅក្នុងប្រទេស អ៊ុយក្រែន និងហ្ស៊កហ្ស៊ី។ ចំណែកឆ្នេរ សមុទ្រស៊ីរីវិញនឹងក្លាយទៅជាគ្រីមៀថ្មី ស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ កន្លង មកថ្មីៗរុស្ស៊ីបានបញ្ជូននាវាចម្បាំង៥គ្រឿងទៅកាន់ដែនសមុទ្រមេឌីទែរ៉ាណេ ហើយ នាវាទាំងនោះអាចនឹងចូលចតនៅឆ្នេរ សមុទ្រប្រទេសស៊ីរីជាមិនខាន ៕

image image image
ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print