ការប្រកួតក្របខ័ណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេសគឺ Premier League រដូវកាលថ្មី ២០២២–២០២៣ បានចាប់ផ្តើមហើយដោយមាន១ប្រកួតបានប្រកួតរួចរាល់ហើយកាលពីរាត្រីថ្ងៃសុក្រ។ សម្រាប់រាត្រីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យគឺមានការប្រកួតច្រើនដែលក្រុមទាំងអស់នៅលីកកំពូលមួយនេះនឹងត្រូវប៉ះគ្នា។
សម្រាប់ពេលវេលាប្រកួតនៅ Premier League រាត្រីថ្ងៃសៅរ៍នេះមាន៦គូ ដែលនឹងអង្រួនអ្នកដែលចូលចិត្តទស្សនាបាល់ទាត់នៅអឺរ៉ុបច្បាស់ជាជក់ចិត្ត ដោយការប្រកួតបើកឆាកដំបូងគឺជាការប៉ះគ្នារវាងក្រុមម្ចាស់ផ្ទះ Fulham នឹងក្រុមហង្សក្រហម Liverpool វេលាម៉ោង៦និង៣០នាទីល្ងាច។
បន្ទាប់ពីការប្រកួតក្រុមខាងលើនៅវេលាម៉ោង៩យប់ថ្ងៃសៅរ៍ដដែលនេះមាន៤ក្រុមដែលត្រូវប្រកួតដំណាលគ្នា។ ក្នុងនោះក្រុមAFC Bournemouth ប៉ះក្រុមភ្ញៀវ Aston Villa, ក្រុម Leeds United ប៉ះក្រុម Wolverhampton, ក្រុម Newcastle United ប៉ះក្រុម Nottingham Forest, ក្រុមមាន់ខ្នាយមាស Tottenham Hotspur ប៉ះក្រុម Southampton ។
សម្រាប់មួយគូទៀតដែលជាគូជក់ចិត្តគឺក្រុមម្ចាស់ផ្ទះ Everton ត្រូវធ្វើការធ្ងន់ដោយត្រូវប៉ះក្រុមខ្លាំងតោខៀវ Chelsea នៅវេលាម៉ោង១១និង៣០នាទីយប់ម៉ោងនៅកម្ពុជា។
ងាកមកការប្រកួតសម្រាប់ថ្ងៃអាទិត្យទី៧ ខែសីហានេះវិញមានការប្រកួតចំនួន៣គូ គឺក្រុមម្ចាស់ផ្ទះ Leicester City ប៉ះក្រុមភ្ញៀវBrentford នៅវេលាម៉ោង៨យប់, ក្រុមបិសាចក្រហម Manchester United ប៉ះក្រុមភ្ញៀវ Brighton វេលាម៉ោង៨យប់ដូចគ្នា។ចំណែកគូចុងក្រោយគឺក្រុមម្ចាស់ផ្ទះ West Ham United ត្រូវប៉ះក្រុមខ្លាំងមេឃខៀវ Manchester City វេលាម៉ោង១០និង៣០នាទីយប់។
ការប្រកួតសម្រាប់សប្តាហ៍ទី១នៃក្របខ័ណ្ឌ Premier League រដូវកាលថ្មីនេះបានរកឃើញក្រុមដែលទទួលបាន៣ពិន្ទុមុនគេរួចហើយគឺក្រុមកាំភ្លើងធំ Arsenal ដែលបានយកឈ្នះក្រុមម្ចាស់ផ្ទះ Crystal Palace ក្នុងលទ្ធផល២ទល់០ក្នុងការប្រកួតកាលពីរាត្រីថ្ងៃសុក្រ។
គួររំលឹកថា កាលពីរដូវកាល២០២១–២០២២ ក្រុមដែលជាម្ចាស់ជើងឯក Premier League គឺក្រុមមេឃខៀវ Manchester City បានយកឈ្នះក្រុមលេខ២ Liverpool តែ១ពិន្ទុប៉ុណ្ណោះ។ ក្រុម Manchester City ក៏បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរក្នុងក្របខ័ណ្ឌកំពូល Champions League កាលពីរដូវកាលមុន ប៉ុន្តែត្រូវចាញ់ក្រោមថ្វីជើងក្រុមអធិរាជស Real Madrid ៕(រូបភាព ៖ BBC Sport/soccerway)