ខេត្តកោះកុង៖ បុរស២នាក់បានស្លាប់ និង២នាក់ផ្សេងរបួសធ្ងន់ស្រាល ក្នុងករណីបាក់ដីនៅក្នុងរូងទី៣ របស់ក្រុមហ៊ុនវ៉ារីអគ្គិសនីតាតៃលើ ស្ថិតនៅចំណុចស្ទឹងកែប ឃុំតាទៃលើ ស្រុកថ្មបាំងខេត្តកោះកុង។
លោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង ឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែសីហា នេះថា ករណីកម្រនឹងជួប ប្រទះនេះ បានកើតឡើងវេលាម៉ោងជិត៧យប់ថ្ង្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ដោយទីតាំងកើតហេតុឆ្ងាយដាច់ស្រយោលប្រមាណ ២០គីឡូម៉ែត្រពីទីរួមស្រុកទើបធ្វើឲ្យអាជ្ញាធរលំបាកក្នុងការសង្គ្រោះ។
លោកអភិបាលស្រុកថ្មបាំង បន្ថែមថា រយៈពេល៤ថ្ងៃនេះ ភ្លៀងធ្លាក់ជោគជាំស្ទើរគ្រប់មូលដ្ឋាន ដែលជាហេតុធ្វើចរន្តទឹកហូរពីលើខ្នងភ្នំច្រោះចុះក្រោមបង្កឱ្យបាក់ដីនៅរូងទី៣ របស់ក្រុមហ៊ុនវ៉ារីអគ្គិសនីតាតៃលើ បណ្តាលឱ្យស្លាប់មនុស្សចំនួន ២នាក់ប្រុស និងរងរបួសធ្ងន់ចំនួន ២នាក់។ បច្ចុប្បន្នលោកបានណែនាំដល់ម្ចាស់ក្រុមហ៊ុនត្រូវដកកម្លាំងកម្មករមករកទីកន្លែងសុវត្ថិភាពរង់ចាំអាកាសធាតុអំណោយណាពេលទើបចុះធ្វើការតាមផែនការ ចៀសវាងបញ្ហាគ្រោះថ្នាក់បន្តកើតមានឡើង។
ជនរងគ្រោះដោយសារការបាក់ដីសង្កត់លើស្លាប់២នាក់ ទី១.ឈ្មោះ នី វណ្ណៈ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទី លំនៅភូមិមេចាន់ ឃុំថ្មី ស្រុកកំពត ខេត្តកំពត និងទី ២.ឈ្មោះ អ៊ុត ចាន់ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំ នៅភូមិក្តាត់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។សាកសពទាំង២បានតម្កល់ទុកនៅវត្តថ្មបាំង រង់ចាំសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី ដោយក្រុមហ៊ុនអគ្គិសនីតាទៃលើ ក៏ត្រៀមដោះស្រាយសំណងចំពោះសពជនរងគ្រោះផងដែរ។
ដោយឡែកអ្នករងគ្រោះរបួសវិញ ទី១.ឈ្មោះ ចេន ណាក់ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិប៉ោឡោ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ (របួសធ្ងន់) និងទី២-ឈ្មោះ បៀន អាយ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (របួសស្រាល)។ ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕
ដោយ៖ មុន្នី