សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រារព្វពិធីបុណ្យខួប ១០០ថ្ងៃ ឧទ្ទិសមហាកុសលជូនសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

ចែករំលែក៖

ខេត្តកំពង់ចាម : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រសារសាច់ញាតិ បានអញ្ជើញប្រារព្វពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ ឧទ្ទិសមហាកុសលជូនដល់ដួងវិញញញាណក្ខន្ធ ជូនសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលពិធីនេះបានធ្វើឡើង នៅ១៤កើត ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១១ និងទី១២ ខែសីហា ឆ្នាំ២០២២។

ពិធីបុណ្យទក្ខិណានុប្បទានតាមបែបប្រពៃណីសាសនានេះ ត្រូវបានប្រារព្វធ្វើឡើងនៅរសៀលថ្ងៃ ទី១១ ខែសីហាឆ្នាំ២០២២ នាភូមិគ្រឹៈសម្តេចឧត្តមទេពញាណ ហ៊ុន ណេង នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។  នៅក្នុងពិធីបួងសួងពលីការបូជាទេវតា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកជំទាវ លាង វួចឆេង បានអញ្ជើញអុជទៀនធូបទឹកអប់ប្រេងម្ស៉ៅ ថ្វាយដល់គ្រឿងបូជាសក្ការៈដែលបានរៀបចំយ៉ាងល្អវិចិត្រ ។ 

ពិធីដែលរៀបចំឡើង ដោយអ្នកឧកញ៉ាព្រះស្តេច ហេង គឹមគុណ ធម្មការព្រះបរមរាជវាំង បានធ្វើបទនមសិកាព្រះរតនត្រ័យថ្វាយបង្គុំដល់គុណបុណ្យទេវតាវត្ថុស័ក្តិសិទ្ធក្នុងលោក ពិសេសបារមីវត្ថុស័ក្តិសិទ្ធថែរក្សាក្នុងភូមិគ្រឹៈ របស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សូមរតនា អញ្ជើញមកសន្ធិតប្រោះព្រំប្រសិទ្ធពរជ័យបវរមហាប្រសើរ ដល់ការប្រារព្វពិធីបុណ្យទក្ខិណានុប្បទានគំរប់ខួប ១០០ថ្ងៃ ដើម្បីឧទ្ទិសមហាកុសលជូន សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានធ្វើកម្មកិរិយាលាចាកលោកយើងនេះ ទៅកាន់លោកខាងមុខហើយ នោះ។ 

សូមបញ្ជាក់ដែរថា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រសូត្រនៅថ្ងៃទី២ ខែមេសា ឆ្នាំ១៩៥០ ត្រូវនឹងថ្ងៃអាទិត្យ ១៥កើត ខែចេត្រ ឆ្នាំឆ្លូវ ឯកស័ក ពុទ្ធសករាជ ២៤៩៣ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង ម្តាយឈ្មោះ ឌី ប៉ុក សម្តេចជាកូនទី២ ក្នុងចំណោមបងប្អូនប្រុសស្រី៦នាក់។ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាពនៅវេលាម៉ោង ១៨និង២៥នាទី ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដោយជំងឺបេះដូង។ 

បន្ទាប់មកលោកជំទាវ លាង វួចឆេង ហ៊ុនណេង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបងប្អូនសាច់ញាតិ បាននិមន្តព្រះសង្ឃ ចំរើនព្រះបរិត្ត នមស្សការព្រះរតនត្រ័យ និងសមាទាននិច្ចសិល សំដែងព្រះសទ្ធម្មវិសេសទេសនា ។ សម្តេច ឯកឧត្តម លោកជំទាវ ត្រូវជាភរិយា បងប្អូន កូន ចៅទាំងអស់ បានធ្វើបទនមសិកា ព្រះរតនត្រ័យ ដើម្បីរំលឹកដល់គុណបុណ្យ ព្រះសម្មា សម្ពុទ្ធព្រះបរមគ្រួនៃយើង ដែលព្រះអង្គត្រាសដឹងនូវអនុត្តរះសម្មាសម្ពុទ្ធធិញាណ និង ព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឲ្យពុទ្ធបរិស័ទគ្រប់ជំនាន់ គោរពប្រតិបត្តិជា រៀង ដរាប រហូតមកដល់បច្ចុប្បន្ន និងទៅអនាគត។ 

សម្តេច ឯកឧត្តម លោកជំទាវ ត្រូវជាភរិយា បងប្អូនបង្កើត ប្អូនថ្លៃ កូន កូនប្រសារប្រុស ស្រី ចៅ ចៅទួតគ្រប់រូប សូមលើកហត្ថប្រណម បួង សួងដល់គុណបុណ្យព្រះរតនត្រ័យ ដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តេជះបារមីទេវតា រក្សា ព្រះរាជាណាចក្រកម្ពុជា ទេវតារក្សាមហាស្វេតច្ឆត្រ សូមជួយនាំដំណើរវិញ្ញាណក័្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សូមបានទៅកាន់ឋានសួគាលៃ ប្រកបដោយបរមសុខកុំបីឃ្លៀងឃ្លាតឡើយដោយប្រការណាមួយឡើយ។ 

នៅក្នុងពិធីនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកជំទាវ លាង វួចឆេង បានប្រគេនប្ច័យថ្វាយសម្តេចព្រះវ័ន្តរត្ន ណយ ច្រឹក ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចព្រះសង្ឃនាយករង បានប្រសិទ្ធពរដល់ ទសបារមីវត្ថុស័ក្តិសិទ្ធ ទេវតាថែរក្សាក្នុងលោក សូមតាមជួយគាំពារថែរក្សាការពារ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម លោកជំទាវ កូន ចៅទាំងអស់ របស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សូមមានរិទ្ធីបារមីខ្លាំងពូកែ ឈ្នះអស់មាសត្រូវ ដើម្បីបន្តស្ថិត នៅ ជាអ្នកដឹកនាំដ៏ឆ្នើមនៅកម្ពុជា ដើម្បីថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍប្រទេស កម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនរុងរឿង ចាប់តាំងពីពេលនេះជាយូរអង្វែងតរៀងទៅ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print