អង្គការសហប្រជាជាតិអំពាវនាវឲ្យបង្កើត តំបន់គ្មានយោធា ដើម្បីបញ្ចៀសគ្រោះមហន្តរាយបរមាណូ

ចែករំលែក៖

ក្នុងពេលដែលរុស្ស៊ីនិងអ៊ុយក្រែនចោទប្រកាន់គ្នាទៅវិញទៅមកពីការវាយប្រហារទៅលើទីតាំងរោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូធំបំផុតនៅក្នុងតំបន់អឺរ៉ុបនោះ ប្រមុខដឹកនាំអង្គការសហប្រជាជាតិបានស្នើឱ្យបង្កើតតំបន់សគ្មានយោធានៅក្នុងតំបន់ជុំវិញរោងចក្រដើម្បីបញ្ចៀសគ្រោះមហន្តរាយ ។

អង្គការសហប្រជាជាតិបានអំពាវនាវដល់រុស្ស៊ីនិងអ៊ុយក្រែន ផ្អាកសកម្មភាពយោធានៅជិតរោងចក្រ Zaporizhzhia។ ទីតាំងរោងចក្រនេះរងការវាយប្រហារ ដល់ទៅ៥លើកកន្លងមកហើយ ដោយវាយប្រហារចំទីតាំងក្បែរកន្លែងរក្សាសារធាតុអ៊ុយរ៉ានីញ៉ូម។
សារព័ត៌មាន Reuters នៅថ្ងៃសុក្រទី១២ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីពិភាក្សាអំពីស្ថានភាពនេះ ប្រមុខUN លោក Antonio Guterres បានអំពាវនាវឱ្យភាគីទាំងពីរបញ្ឈប់ការប្រយុទ្ធគ្នានៅជិតរោងចក្រខាងលើនេះ។ លោក ហ្គូទែររ៉េស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ភាគីទាំងពីរមិនត្រូវប្រើប្រាស់រោងចក្រថាមពលនេះធ្វើជាផ្នែកមួយនៃប្រតិបត្តិការយោធាណាមួយឡើយ។ ផ្ទុយទៅវិញ កិច្ចព្រមព្រៀងជាបន្ទាន់ គឺត្រូវការជាចាំបាច់សម្រាប់ការបង្កើតតំបន់គ្មានយោធាដើម្បីធានាសុវត្ថិភាព»។
បច្ចុប្បន្នរោងចក្រ Zaporizhzhia ស្ថិតក្រោមការកាន់កាប់ដោយទាហានរុស្ស៊ី តែដំណើរការដោយកម្មករអ៊ុយក្រែន។ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ សហរដ្ឋអាមេរិកបានគាំទ្រការអំពាវនាវឱ្យមានតំបន់គ្មានយោធា និងបានជំរុញឱ្យទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ (IAEA) ចុះពិនិត្យទីតាំងនោះ ខណៈដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានទាមទារឱ្យរុស្ស៊ីប្រគល់រោងចក្រនេះមកអ៊ុយក្រែនគ្រប់គ្រងវិញ៕ ដោយ ធីរីណា

...

រូប​ថត​ :​TTXVN/REUTERS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print