ភ្នំពេញ : លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានថ្លែងថា, ថ្ងៃនេះ អគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី “ការចែករំលែក និងការផ្លាស់ប្តូរបទពិសោធន៏លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្និងបរិបទឌីជីថល” ដែលមានការចូលរួមពីថ្នាក់ដឹកនាំគណៈចលនាមហាជនគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស។
លោកបន្តថា, សិក្ខាសាលាវេលានេះ រៀបចំឡើងដើម្បីជាការចែករំលែក និងការផ្លាស់ប្តូរបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជន ស្របតាមស្មារតីនៃសន្និបាតគណៈកម្មាធិការកណ្តាល កាលពីថ្ងៃទី ១៦ និង១៧ ខែកក្កដា ដែលបានដាក់ចេញទិសដៅការងារឲ្យបន្តខិតខំ “ជំរុញការងារចលនាមហាជន ចូលជ្រៅក្នុងស្រទាប់ គ្រប់មជ្ឍដ្ឋាន ជាពិសេសចលនាយុវជន ស្ត្រី និងកម្មករ ព្រមទាំងជំរុញការងារព័ត៌មាន និងសាធារណមតិឲ្យបានកាន់តែទូលំទូលាយ មានលក្ខណៈលឿនរហ័ស។”
លោក ហ៊ុនម៉ានី បានបញ្ជាក់ថា, សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ ព្រោះថា ធម្មជាតិនៃសតិអារម្មណ៍មហាជន គឺមានលក្ខណៈស្រួចស្រាល់ និងងាយប្រែប្រួលឆាប់រហ័ស ទៅតាមមជ្ឈដ្ឋានជុំវិញខ្លួន ដែលយើងត្រូវបន្តយកចិត្តទុកដាក់ និងមិនអាចធ្វេសប្រហែស ស្របពេលដែលមជ្ឈដ្ឋានប្រឆាំងក៏នៅតែចិញ្ចឹមចិត្តប៉ុនប៉ងផ្តួលរំលំយើង ដោយគេកំពុងរង់ចាំឱកាស និងបានបន្តសកម្មភាពឥតឈប់ឈរ វាយប្រហារគណបក្សយើងជាប្រចាំ តាមវិធីសាស្រ្ត និងយន្តការផ្សេងៗ ៕
ដោយ : សិលា