ខេត្តកំពង់ធំ៖ បើយោងតាមប្រភពព័ត៌មានពីក្រសួងទេសចរណ៍ បានឱ្យដឹងថា លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បាននាំយកកុំព្យូទ័រសរុប៣៤គ្រឿងរបស់សប្បុរសជនប្រគល់ជូនសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈព័ត៌មានវិទ្យា និងទេសចរណ៍ស្រុកបារាយណ៍ ព្រមទាំងប្រគល់វិញ្ញាបនបត្រកុំព្យូទ័រថ្នាក់បឋមដល់សិស្សានុសិស្សចំនួន៣វគ្គសរុប១១៥នាក់ និងបើកវគ្គសិក្សាថ្មី (វគ្គទី៣៥)។
កម្មវិធីនេះធ្វើឡើងនាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ នៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈព័ត៌មានវិទ្យា និងទេសចរណ៍ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានការចូលរួមពីលោក ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាតំណាងលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ម៉ុក រ៉ាឌី អគ្គនាយករដ្ឋបាលនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការស្តីទីនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប លោក លី យ៉ានហួយ នាយកសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចវីត លោក ហេង នរវង្ស ព្រឹទ្ធបុរសនៃមហាវិទ្យាល័យគ្រប់គ្រងនិងទេសចរណ៍នៃសាកលវិទ្យាល័យមេគង្គកម្ពុជា។
លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍ សាលាបណ្តុះបណ្តាល និងភាគីពាក់ព័ន្ធ ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រ និងសហការយ៉ាងល្អក្នុងការជំរុញអភិវឌ្ឍសាលាបណ្តុះបណ្តាលវិជ្ជាជីវៈព័ត៌មានវិទ្យា និងទេសចរណ៍នេះឲ្យដំណើរការល្អរហូតមកដល់បច្ចុប្បន្ននេះ ក្នុងនោះលោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ឧបត្ថម្ភកុំព្យូទ័រ Desktop ២០គ្រឿង។ តាមរយៈការអំពាវនាវរបស់លោក ទ្រី ឈីវ និងនាយកដ្ឋានបណ្តុះបណ្តាលវិជ្ចាជីវៈ សាលាបណ្តុះបណ្តាលវិជ្ចាជីវៈមួយចំនួនបានជួយឧបត្ថម្ភកំព្យូទ័រ Desktop ចំនួន១៤គ្រឿង និងផ្តល់អាហាររូបករណ៍។ លោក ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ឧបត្ថម្ភកុំព្យូទ័រ Desktop ចំនួន៧គ្រឿង និងផ្តល់អាហារូបករណ៍១០០%ចំនួន៣កន្លែង អាហាររូបករណ៍៥០%ចំនួន១៥កន្លែង និងអាហារូបករណ៍៣០%ចំនួន៣០កន្លែង ជារៀងរាល់ឆ្នាំសម្រាប់សិស្សនៅវិទ្យាល័យតាំងគោក និងវិទ្យាល័យបារាយណ៍ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង។ លោក លី យ៉ានហួយ នាយកសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចវីត (WYTHS) ឧបត្ថម្ភកុំព្យូទ័រ Desktop ចំនួន៧គ្រឿង។ លោក បាន ថេរ៉ូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យមេគង្គកម្ពុជា ផ្តល់អាហារូបករណ៍៧០% ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង រយៈពេល៤ឆ្នាំ។
នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានណែនាំដល់សិស្សានុសិស្សបន្តការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាព សម្រាប់កសាងអភិវឌ្ឍសង្គមជាតិ ស្របតាមពាក្យស្លោក «ទំពាំងស្នងឫស្សី»។
ចំពោះការសិក្សាកំព្យូទ័រថ្នាក់បឋមនេះ ក្រោយពីបានបញ្ចប់វគ្គសិក្សានេះសិស្សានុសិស្សបានក្លាយទៅជាអក្ខរជនឌីជីថលបឋម ព្រោះវគ្គនេះបានគ្របដណ្តប់លើមុខវិជ្ជាមូលដ្ឋានមួយចំនួន មានដូចជាការប្រើប្រាស់កម្មវិធីការិយាល័យ (Microsoft Office) ការប្រើប្រាស់បណ្តាញសង្គម (Social Media) ការស្រាវជ្រាវតាមប្រព័ន្ធអ៉ីនធឺណិត និងសុវត្ថិភាពតាមប្រព័ន្ធអ៉ីនធឺណិត។ វាមិនត្រឹមតែជាទុនមួយសម្រាប់សិស្សានុសិស្សក្នុងការពង្រឹងការសិក្សា និងបង្កើនឱកាសការងារប៉ុណ្ណោះទេ វាក៏ជាមូលដ្ឋានគ្រឹះមួយសម្រាប់ឲ្យសិស្សានុសិស្សអាចឈានទៅចាប់យកជំនាញកំព្យូទ័រកម្រិតមធ្យម និងកម្រិតខ្ពស់នាពេលអនាគតផងដែរ។
នាឱកាសនោះដែរ លោក ថោង ខុន បានឧបត្ថម្ភថវិកាដល់សិស្សដែលបានបញ្ចប់ការសិក្សា១១៥នាក់ និងសិស្សវគ្គថ្មី៣៥នាក់ ក្នុងម្នាក់១០,០០០រៀល។
ដើម្បីអបរសាទរដល់សិស្សានុសិស្សចំនួន១១៥នាក់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រកម្រិតបឋមនៅទីនេះ លោកបានផ្តល់អនុសាសន៍មួយចំនួន៖
១. សម្រាប់សិស្សដែលបានបញ្ចប់វគ្គសិក្សា៖ ត្រូវយកចំណេះដឹងដែលបានចេះចាំនេះទៅប្រើប្រាស់ឲ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាននៅក្នុងជីវភាព និងការងារប្រចាំថ្ងៃ ហើយត្រូវខិតខំចាប់យកវគ្គកម្រិតមធ្យម និងកម្រិតខ្ពស់បន្តទៀត។ ការរៀនគឺមិនចេះចប់ឡើយ កាលណាយើងរៀនច្រើន ចេះច្រើន និងចង់ដឹងចង់លឺកាន់តែច្រើន។ ដូចសុភាសិតមួយថា គ្មាននរណាម្នាក់ចាស់រៀនមិនកើតទេ (No one is too old to learn) និងរៀនច្រើនល្ងង់ច្រើន បានន័យថា យើងរៀនច្រើន គឺមើលឃើញពីពិភពលោកទូលំទូលាយ និងយល់ថា ខ្លួនឯងនៅមិនទាន់ចេះអស់នៅឡើយ ដូច្នេះគឺត្រូវបន្តការសិក្សារៀនសូត្រទៅមុខទៀតដើម្បីដុះខាត់ចំណេះដឹង បទពិសោធន៍ និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឲ្យកាន់តែខ្លាំងពូកែថែមទៀត។
២. សម្រាប់សិស្សដែលកំពុងសិក្សា៖ ត្រូវខិតខំសិក្សារៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់សាលា ដើម្បីក្លាយជាកូនល្អ សិស្សល្អ ជាទំពាំងស្នងឫស្សី និងអ្នកបន្តវេនប្រកបដោយថាមពល និងសក្តានុពលទៅអនាគតសម្រាប់ប្រទេសជាតិ។
៣.
សម្រាប់លោកគ្រូគ្រប់គ្រងវគ្គ៖ ត្រូវបន្តដើរតួនាទីជាបុគ្គលនាំមុខ ជាឪពុកទី២ ជាមគ្គុទ្ទេសក៍សម្រាប់សិស្ស និងត្រូវខិតខំប្រឹងប្រែងពង្រឹង និងពង្រីកសមត្ថភាពខ្លួនឲ្យបានជាប់ជាប្រចាំ ទាំងចំណេះដឹងជំនាញ ទាំងវិធីសាស្រ្តបង្រៀន ដើម្បីយកចំណេះដឹងថ្មីៗ គរុកោសល្យថ្មីៗ មកបង្ហាត់បង្រៀនដល់សិស្សឲ្យមានចំណេះដឹងទូលំទូលាយ ស្របតាមការវិវត្តនៃសម័យកាលបច្ចុប្បន្ន និងទៅអនាគត៕
ដោយ៖សហការី