ភ្នំពេញ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានណែនាំបន្ថែម ដល់នគរបាលចរាចរណ៍ ដែលចាប់ផាកពិន័យប្រជាពលរដ្ឋ នៅតាមគោលដៅនានា។
ជាក់ស្ដែងយោងតាមរយៈសារសំឡេងរបស់លោកវរសេនីយ៍ឯក សាន សុខសីហា បានថ្លែងណែនាំដល់មន្រ្តីនគរបាលចរាចរណ៍យ៉ាងដូច្នេះថា៖
*ទី១៖ ករណីភ្លើងស្តុប៖ បើសិនភ្លើងស្តុបពណ៌ក្រហម អ្នកបើកបរបត់ស្តាំក្នុងស្ថានភាពគ្មានគ្រោះថ្នាក់ សូមកុំផាកពិន័យ
*ទី២៖ ករណីភ្លើងលឿង៖ នៅពេលអ្នកបើកបរជិះហួសគំនូសផ្លូវដើរ ទើបលោតភ្លើងលឿង ក៏សូមកុំផាកពិន័យ គឺត្រូវអប់រំណែនាំ
*ទី៣៖ ចំណែកនគរបាលនៅតាមគោលដៅសម្រួលចរាចរណ៍ សូមកុំឲ្យក្លាយទៅជាគោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍។
សូមជម្រាបថា ចំពោះការណែនាំបន្ថែមរបស់លោកអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរូបនេះ បានធ្វើឡើងបន្ទាប់ពីមន្ត្រីនគរបាលចរាចរណ៍ នៅតែផាកពិន័យពលរដ្ឋខុសពីការណែនាំ ហើយក៏មានការប្តឹងពីប្រជាពលរដ្ឋ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ៕ដោយ៖សហការី
រូបភាព៖ឯកសារ