ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះថា៖ គ្រឿងញៀនប្រមាណ ៩២៤គីឡូក្រាម ត្រូវបានដកហូត និងជនជាតិចិន៥នាក់ ត្រូវបានកងកម្លាំងនគរបាលការពារព្រំដែនទឹក សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ជនសង្ស័យទាំង៥ខាងលេីនេះរួមមាន៖ ១៖ ឈ្មោះ TONG JIAN XIN ភេទប្រុស អាយុ ៧១ឆ្នាំ ជនជាតិចិន
២៖ ឈ្មោះ GAO ZHI XIN ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន
៣៖ ឈ្មោះ LI YONG XIN ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន
៤៖ ឈ្មោះ ZHONG JIAN LIN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន
៥៖ ឈ្មោះ YAN XI TONG ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិចិន។
បេីតាមរបាយការណ៍របស់កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ក្នុងប្រតិបត្តិការឃាត់ខ្លួនជនជាតិចិនទាំងអស់នេះ គឺធ្វើឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ដោយកម្លាំងនគរបាលការពារព្រំដែនទឹក បានសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ចេញពួនស្ទាក់នៅខាងក្រោយផ្ទះជនសង្ស័យ ជនជាតិចិនទាំង០៥នាក់ (ត្រង់និយាមកា 10°40.051N-103°31.320E)ខាងក្រៅទំនប់កោះព្រាប ក្នុងដែនសមុទ្រស្ថិតនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សថ្លាចំនួន៤៤ដុំ ដោយក្នុង០១ដុំ មានទម្ងន់ ២១គីឡូក្រាម ហើយទម្ងន់សរុបមានចំនួន ៩២៤គីឡូក្រាម។ បន្ថែមពីនេះ សមត្ថកិច្ចបានដកហូតមធ្យោបាយអូប័រចំនួន០១គ្រឿង និងទូកឈើចំនួន០១គ្រឿងផងដែរ។
បច្ចុប្បន្នជនជាតិចិនទាំង៥នាក់នេះ រួមនឹងគ្រឿងញៀនជាង៩០០គីឡូក្រាមនោះ ត្រូវបានបញ្ជូនទៅឲ្យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធីបន្ត។ ចំណែកអូប័រនិងទូកត្រូវបានរក្សាទុកបណ្ដោះអាសន្ននៅទីបញ្ជាការអង្គភាពបង្រ្កាបបទល្មើសលើផ្ទៃសមុទ្រ៕ដោយ៖សហការី