(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាតំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើសន្និសីទសារព័ត៌មានអំពីលទ្ធផលនៃការស៊ើបអង្កេតស្រាវជ្រាវករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមអនឡាញ) និងបង្កស្លាប់ពលរដ្ឋម្នាក់ ឈ្មោះ សួង ឌ័ន រស់នៅភូមិរូង ឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
សន្និសីទសារព័ត៌មាននេះប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានការចូលរួមកងកម្លាំងកងរាជអាវុធហត្ថ និងបងប្អូនសារព័ត៌មានជាច្រើនអង្គភាពផងដែរ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ឱ្យដឹងថា រាល់ពេលប្រតិបត្តិការកងរាជអាវុធហត្ថ មិនបណ្តាលធ្វើឲ្យមានមនុស្សរបួស ឬ ស្លាប់ គឺទទួលបាននូវលទ្ធផលល្អ ប៉ុន្តែចំពោះប្រតិបត្តិការណាដែលបង្កឲ្យមានរបួស ឬស្លាប់ ទោះបីជាអ្នកចុះអនុវត្តផ្ទាល់ បានធ្វើរបាយការណ៍មកក៏ដោយ ក៏ត្រូវតែមានការត្រួតពិនិត្យបន្ថែមទៀត ប្រសិនបើមានករណីរបួសស្លាប់ និងការទទួលខុសត្រូវខ្ពស់ ចំពោះអ្នកអនុវត្ត ទាំងអ្នកដឹកនាំការអនុវត្ត ដើម្បីស្រាវជ្រាវឱ្យបានជាក់លាក់ កុំឲ្យមានការភាន់ច្រឡំ មានការចោទប្រកាន់ពីមហាជន និងតាមបណ្ដាញសង្គមផ្សេងៗ ដូចជាករណីខាងលើនេះតែម្ដង ។
អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេសបានបន្ថែមទៀតថា ក្រោយពីបានធ្វើការស៊ើបអង្កេតអស់រយៈពេលជាច្រើនថ្ងៃ នឹងរកឃើញជនពាក់ព័ន្ធចំនួន ១៣រូប ក៏ប៉ុន្តែមាន ៣រូបបានជាប់ពាក់ព័ន្ធក្នុងការសន្និដ្ឋានរបស់ក្រុមការងារ គឺទី១ /លោកអនុសេនីយ៍ឯក សុខ ម៉េងហុង មុខតំណែងនាយការិយាល័យព្រហ្មទណ្ឌ ទី២/ លោកអនុសេនីយ៍ឯក លុយ តាំងឈួយ មុខងារប្រធានអង្គភាពនគរបាលយុត្តិធម៌ និងទី៣/ លោក សៅ សិរីវុធ មានតួនាទីជំនាញ នៃមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស ជនទាំង៣នាក់នេះ គឺជាអ្នកដឹកនាំ ខ្វះការប្រុងប្រយ័ត្ន ហើយក៏បានជាប់ទោស ជនជាប់ចោទ (អំពើអកម្ម) ខ្វះភាពទទួលខុសត្រូវ ជាទោសកម្លាំងកងរាជអាវុធហត្ថ ។ ចំពោះជន ១០ នាក់ទៀតនោះ ខាងក្រុមការងារយើងកំពុងតែ បន្ថែមការស៊ើបអង្កេត តើមានជាប់ពាក់ព័ន្ធក្នុងករណីខាងលើដែរឬទេ ក៏ប៉ុន្ត្តែក្នុង អំឡុងពេលនេះ គឺមិនអនុញ្ញាតឱ្យគាត់ចេញពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំជាដាច់ខាត រង់ចាំការស្រាវជ្រាវបន្តទៀត ។
គួររំលឹកផងដែរថា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១១:៣០ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំចំនួន១៣នាក់ និង មធ្យោបាយរថយន្ត២គ្រឿង ដឹកនាំដោយលោកអនុសេនីយ៍ឯក សុខ ម៉េងហុង មុខតំណែងនាយការិយាល័យព្រហ្មទណ្ឌ និង ទី២ លោកអនុសេនីយ៍ឯក លុយ តាំងឈួយ មុខងារប្រធានអង្គភាពនគរបាលយុត្តិធម៌ និងមានការសម្របសម្រួលលោក សាយ វាសនាព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ធំ បានឃាត់ខ្លួន មនុស្សចំនួន ០៤នាក់ និងវត្ថុតាងម៉ូតូ៦គ្រឿង ទូរទស្សន៍១គ្រឿង ម៉ាស៊ីន cpu១ យកមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ។ ប៉ុន្តែនៅក្នុងនោះមានមនុស្សម្នាក់ ឈ្មោះសួង ឌ័ន បានស្លាប់នៅលើរថយន្តបន្ទាប់ពីបញ្ជូនមកដល់មន្ទីរពេទ្យស្រុកបារាយណ៍ សន្ទុក នេះបើយោងទៅតាមកំណត់ហេតុពិនិត្យរបស់នគរបាល និងតាមការបញ្ជាក់របស់លោកគ្រូពេទ្យ។ ដូច្នេះហើយករណីខាងលើនេះ គឺបានស្រាវជ្រាវ ស៊ើបអង្កេតច្បាស់លាស់ហើយ អ្នកដែលបានស្លាប់បាត់បង់អាយុជីវិត គឺដោយសារ គឺ ពុលរថយន្ត ទើបបង្កខ្វះអុកស៊ីសែន រហូតដល់ស្លាប់តែម្តង មិនបង្កពីការប្រើអំពើហិង្សាពីសំណាក់អាវុធហត្ថឡើយ។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ត្រី អេង ហ៊ីង អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេសបានអំពាវដល់មហាជនគ្រប់មជ្ឈដ្ឋាន និងមហាជនតាមបណ្តាញសង្គមនានា សូមកុំវិនិច្ឆ័យ មុនការស្រាវជ្រាវស៊ើបអង្កេត។ដោយបានត្រឹមតែឃើញការបង្ហោះតាមបណ្តាញសង្គមផ្សេងៗ ព្រោះការបញ្ចេញមតិក្នុងការបង្ហោះនោះ ខ្វះការពិចារណា រួមទាំងបញ្ចេញមតិខុសពីការពិតអាចធ្វើឱ្យប៉ះពាល់ដល់សេចក្តី ថ្លៃថ្នូររបស់កម្លាំងការពារជាតិផងដែរ ។