ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យ៧នាក់ត្រូវបានកម្លាំងនគរបាលស្រុកអន្លង់វែងកសាងសំណុំរឿងបញ្ជូនទៅតុលាការកាលពីថ្ងៃទី ២១ខែសីហាឆ្នាំ ២០២៣ បន្ទាប់ពីស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ក្នុងករណីហិង្សាបណ្តាលឲ្យមនុស្សស្លាប់។
ប្រភពពីមន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកអន្លង់វែងបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានជាបន្តបន្ទាប់រួមមាន
១-ឈ្មោះ ព្រួញ កក្កដា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិទួលសាលា ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង មុខរបរសិស្ស ។ ២- ឈ្មោះ មឿន ភារៈ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិសន្តិភាព ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង មុខរបរសិស្ស ។ ៣-ឈ្មោះ មឿន វិតុង ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិឃ្លាំងកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង មុខរបរបុគ្គលិកកាស៊ីណូច្រកជាំ ។ ៤-ឈ្មោះ គុជ សុណា ហៅខ្នារ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិទួលសាលា ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង មុខរបរបុគ្គលិកកាស៊ីណូច្រកជាំ ។ ៥-ឈ្មោះ ស៊ឹម បូលី ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិឯកភាព ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង មុខរបរសិស្ស ។ ៦- ឈ្មោះ ប៉ុន ប៊ុនធី ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង មុខរបរមិនពិតប្រាកដ ។ ៧-ឈ្មោះ វិញ ប៊ុនឡុង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង មុខរបរកសិករ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ វវេលាម៉ោង១១ និង២០នាទីយប់ មានករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបណ្តាលឱ្យស្លាប់ជនរងគ្រោះម្នាក់ ដែលបង្កឡើងដោយក្រុមក្មេងទំនើង ២ក្រុម បានដេញគប់វាយកាប់ចាក់គ្នា នៅតាមដងផ្លូវជាតិលេខ៦៧B ចំណុចមុខផ្ទះសំណាក់បឹងតាម៉ុក ស្ថិតនៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយបង្កហេតុរួចក្រុមជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់អស់ តែដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យឲ្យស្រាវជ្រាវរកមុខជនដៃដល់ឲ្យឃើញនោះ ទើបកម្លាំងជំនាញស្រាវជ្រាវតាមចាប់ជនសង្ស័យចំនួន ៧នាក់បានជាបន្តបន្ទាប់។ បច្ចុប្បន្នជនសង្ស័យទាំងអស់រួមជាមួយវត្ថុតាងរួមមាន ម៉ូតូម៉ាកហុងដាឌ្រីមចំនួន ០៤គ្រឿង, កាំបិតប៉័ងតោចំនួន ២, ដាវចំនួន ០១ និងដំបងក្រលាស់ចំនួន ១ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកអន្លង់វែងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យដើម្បីចាត់ការតាមច្បាប់៕
ដោយ÷ប្រាថ្នា