ខេត្តព្រះសីហនុ៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី២២ ខែសីហា ឆ្នាំ២០២២នេះថា៖ ដោយមានការដឹងនាំបញ្ជារពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានល្បាតនៅតាមភូមិសាស្ត្រម្តុំអូរ៥ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ នៅវេលាម៉ោងប្រហែល០០និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែសីហាថ្មីៗនេះ បានប្រទះឃើញជនសង្ស័យ២នាក់ កំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង ភ្លាមនោះសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ មកសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ។ បន្ទាប់ពីជនសង្ស័យទាំងពីរបានសារភាពថាពួកគេរួម និងបក្ខពួក ធ្លាប់ធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅទីតាំងផ្សេងៗគ្នាជាច្រើនលើកនាពេលកន្លងមក ។
របាយការណ៍ដដែលបន្តថា ជនសង្ស័យទាំងពីរនាក់មានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ ធឿន ធារ៉ា ហៅ ប៊យ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។
២-ឈ្មោះ ពៅ សុង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។
ក្រោយសាកសួរជនសង្ស័យទាំងពីររួចសមត្ថកិច្ចជំនាញបន្ដទៅឃាត់ខ្លួនមនុស្ស០៥នាក់ (ស្រី០១នាក់) មកសាកសួរក្នុងនោះមាន ៖
១-ឈ្មោះ គុន គា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ (អ្នកសមគំនិត)
២-ឈ្មោះ សន ណាវ៉ីន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ (អ្នកសមគំនិត)
៣-ឈ្មោះ ស្រ៊ុន ស្រីនិច ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរៈអ្នកទទួលទិញអេតចាយ ទីតាំងស្ថិតក្នុង ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
៤-ឈ្មោះ ឡេស ស៊ីណា ភេទប្រុស ឆ្នាំកំណើត១៩៨៦ ជនជាតិខ្មែរ មុខរបរៈកម្មករអេតចាយ រស់នៅកន្លែង ទិញលក់អេតចាយ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
៥-ឈ្មោះ វ៉ាយ ពិសិដ្ឋ ភេទប្រុស ឆ្នាំកំណើត២០០៥ ជនជាតិវៀតណាម មុខរបរ កម្មករអេតចាយ រស់នៅកន្លែងទិញលក់អេតចាយ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
វត្ថុតាងដកហូតបាន ៖
-ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមC-125 សេរី២០១៥ បិតស្គុតពណ៌ទឹកក្រូច ពាក់ផ្លាកលេខ៖ ព្រះសីហនុ ១B-៤៤៤២ (ជាមធ្យោបាយធ្វើសកម្មភាព) ។
-លួសស្ពាន់ សំបកខ្សែភ្លើង កំណាត់ខ្សែភ្លើងមួយចំនួន (ជាផលនៃអំពើលួច) ។
ជាលទ្ធផល ការសាកសួរជុំវិញករណីលួចកាត់ខ្សែភ្លើង និងទទួលទិញ (ផលនៃអំពើលួច) កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ និងនាពេលកន្លងមក ។ សន្និដ្ឋានរួមឈ្មោះ ធឿន ធារ៉ា ហៅ ប៊យ, ពៅ សុង, គុន គា និងឈ្មោះ សន ណាវ៉ីន គឺជាសហចារី (មុខសញ្ញា សកម្ម) ក្នុងបទលួច កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ និងនាពេលកន្លងមកក្នុងភូមិសាស្ដ្រក្រុងព្រះសីហនុ ខេត្ដ ព្រះសីហនុ ។
-ឈ្មោះ ស្រ៊ុន ស្រីនិច ពាក់ព័ន្ធក្នុងករណីទទួលផលនៃអំពើលួច ។
-ឈ្មោះ រ៉ាយុទ្ធ ជាបក្ខពួក ក្នុងករណីនេះកំពុងរត់គេចខ្លួន ។
-ឈ្មោះ ឡេស ស៊ីណា និងឈ្មោះ វ៉ាយ ពិសិដ្ឋ (ជាកម្មករ) ពុំមានតម្រុយពាក់ព័ន្ធក្នុងករណីខាងលើទេ ។
បច្ចុប្បន្នជនសង្ស័យទាំង៥ (ស្រី០១នាក់) និងវត្ថុតាង នៅព្រឹកថ្ងៃចន្ទទី២២ ខែសីហា ឆ្នាំ២០២២នេះ សមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដចាត់ការបន្ដ ៕
ដោយ៖ស តារា