ខេត្តឧត្តរមានជ័យ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ ខែសីហា ឆ្នាំ២០២២នេះថា៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានចុះត្រួតពិនិត្យស្រាវជ្រាវតាមបណ្តាទីតាំងហាងកាហ្វេ និងកន្លែងលក់ឆ្នោតឡូតូ ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកអន្លង់វែង បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថាសង្ស័យលួចបេីកល្បែងខុសច្បាប់។
របាយការណ៍ដដែលបន្តថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត កាលពីរសៀលថ្ងៃទី២៤ ខែសីហាម្សិលមិញនេះ លោកវរសេនីយ៍ទោ ស៊ូ នូវ អធិការនៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានចាត់កម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចុះត្រួតពិនិត្យស្រាវជ្រាវតាមបណ្តាទីតាំងហាងកាហ្វេ និងកន្លែងលក់ឆ្នោតឡូតូ (មានអាជ្ញាប័ណ្ណស្របច្បាប់) ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកអន្លង់វែង ជាលទ្ធផលបានរកឃើញទីតាំងលួចលាក់លេងល្បែងសុីសងខុសច្បាប់បញ្ជល់មាន់តាមទូរទស្សន៍ (អនឡាញ) សរុបចំនួន០៦ទីតាំង។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះ ដោយអនុវត្តតាមនីតិវិធីជំនាញ សមត្ថកិច្ចបានធ្វើការអប់រំ និងកិច្ចសន្យាដល់ម្ចាស់ទីតាំងនៅនឹងកន្លែងខាងលើឱ្យបញ្ឈប់ការបើកលេងល្បែង ឬផ្តល់ទីតាំងលេងល្បែងសុីសងខុសច្បាប់បញ្ជល់មាន់តាមអនឡាញ និងល្បែងស៊ីសងគ្រប់ប្រភេទផ្សេងទៀត បើក្នុងករណីមានការលួចលេងល្បែងភ្នាល់ដាក់ប្រាក់ខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕
ដោយ៖អារុណរះ