ភ្នំពេញ៖ ក្រោយពីធ្វើឲ្យរំជួលអស់មហាជនរឿងស្លៀកពាក់សិចស៊ី និងរឿងរ៉ាវអាយ៉ៃឆ្លើយឆ្លងជាមួយនឹងសិល្បករមកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតហៅកំពូលតារាសិចស៊ី ដេននី ខ្វាន់ មកដុសក្អែល ។ ការចេញលិខិតកោះអញ្ជើញនេះបានចេញដោយក្រសួងនេះក្រោយពីនាងបង្ហោះសារសុំទោសជាសាធារៈមិនបានប៉ុន្មានម៉ោងផងកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ។
ប្រធានសមាគមសិល្បករខ្មែរបានបញ្ជាក់ថា តាមពិតការអញ្ជើញនាងទៅក្រសួងវប្បធម៌មិនមែនហៅនាងទៅស្តីបន្ទោសឲ្យនាងនោះទេ។លោកបានបង្ហាញវីឌីអូឃ្លីបដែលនាងសូមទោសដល់តំណាងក្រសួងហើយ ខាងក្រសួងបាននិយាយថា ចង់ជួបនាងណែនាំខ្លះដើម្បីឲ្យនាងយល់បន្ថែម តែប៉ុណ្ណោះ ហើយលោកក៏ត្រូវទៅចូលរួមដែរ និយាយទៅវាដោយទាំងលោកទៀត។ ជាមួយគ្នានេះលោកក៏សូមអង្វរសិល្បករសិល្បការិនីទាំងអស់មេត្តាយល់និងអធ្យាស្រ័យគ្នាកុំធ្វើអ្វីដែលជ្រុលហួសហេតុពេក ព្រោះយើងជាមនុស្សរបស់មហាជនគួរតែធ្វើអ្វីដែលល្អជាគំរូរគេ។
លោកបញ្ជាក់បន្ថែមថា ចំពោះ ដេនី ក្វាន់ នាងបានសូមទោសយឺតពេលបន្តិចក្រោយលិខិតធ្លាក់មកដល់ តែលោកសូមសរសើរនាងក្លាហានហ៊ានទទួលកំហុសខ្លួនឯង និងសូមទោសជាសាធារណៈ ដែលអ្នកសិល្បៈដទៃក៏គួរប្រុងប្រយ័ត្នកុំឲ្យថ្លោះធ្លោយឲ្យសោះ។
នៅក្នុងលិខិតរបស់ក្រសួងវប្បធម៌ផ្ញើជូនតារាសិចស៊ី ដេនី ខ្វាន់ បានបញ្ជាក់ថា «ដោយក្រសួងពិនិត្យឃើញមានការបង្ហោះយ៉ាងព្រោងព្រាតតាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook ដែលធ្វើការទិតៀនពីការស្លៀកពាក់មិនសមរម្យ និងសង្គ្រាមពាក្យសំដីយ៉ាងមុតស្រួចមួយចំនួនរបស់កញ្ញា ចំពោះសិល្បករ-សិល្បការិនី រួមទាំងមហាជនទូទៅផង។ ក្នុងនាមកញ្ញាជាសិល្បការិនីមួយរូបដែរនោះ ទង្វើទាំងឡាយខាងលើបានធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ទំនៀបទម្លាប់ ប្រពៃណីដ៏ផូរផង់របស់ជាតិ និងចរិយាធម៌សីលធម៌សង្គមនោះ! ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសម្រេចធ្វើការកោះអញ្ជើញកញ្ញា ដេនី ក្វាន់ ដើម្បីមកទទួលការណែនាំ»។
បើតាមលិខិតអញ្ជើញរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កោះអញ្ជើញនាងទៅកាន់ក្រសួងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក នៅទីស្តីការក្រសួងជាន់ទី១។ ការចេញសំបុត្រកោះអញ្ជើញតារាសម្តែងសិចស៊ីនេះគឺជាលើកដំបូងនៅកម្ពុជាដែលក្រសួងវប្បធម៌បានហៅសិល្បករផ្នែកសំដែងដែលនិយមស្លៀកពាក់សិចស៊ីមកធ្វើការណែនាំ ហើយវាប្រៀបបានទៅនឹងព្រនុងវាយសំពងទៅលើតារាសម្តែង ដេនី ខ្វាន់ ហើយវាក៏ជាសារក្នុងការដាស់តឿនស្មារតីតារាសម្តែងដទៃឲ្យប្រុងប្រយ័ត្នខ្លួនក្នុងការស្លៀកពាក់ និងប្រើប្រាស់សម្តែជ្រុលហួសហេតុ។
គួរបញ្ជាក់ដែរថា ការស្លៀកពាក់បែបសិចស៊ីរបស់ ដេនី ខ្វាន់ បានក្លាយជាប្រធានបទរបស់មហាជន និងសិល្បករក្នុងការជជែកគ្នាជាថ្មីក្រោយពីនាងបានស្លៀកពាក់សម្លៀកបំពាក់ដែលស្ទើមានតែស្បៃគ្របដណ្តប់ខ្លួនកាលពីថ្ងៃទី៦ ខែឧសភា ក្នុងពីធីខួបកំណើតប្អូនប្រុសនាងគឺលោក គឹម សាន្ត។ ក្រោយលេចចេញរូបនេះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានបង្កើតឲ្យមានាការរិះគន់មួយចំនួនទៅលើនាង ប៉ុន្តែអ្វីដែលដុតកម្តៅដួងចិត្តមហាជន និងសិល្បករនោះគឺនាងនិងប្អូនប្រុសបានចេញវីដេអូឃ្លីប និងសារជាបន្តបន្ទាប់វាយប្រហារអ្នករិះគន់ដោយពាក្យសម្តែងខ្លាំងដែលគេគិតថាជាពាក្យពេជមិនសមរម្យ រហូតរាលដាលដល់សិល្បករមួយចំនួនដូចជាលោក អ៊ឹម ជីវ៉ា អ្នកនាងម៉េង កែវពេជ្រតា ជាដើម។ ការឆ្លើយឆ្លងពាក្យសម្តីដាក់គ្នារបស់តារាសិចស៊ី ដេនី ខ្វាន់ និងសិល្បករជើងចាស់មួយចំនួនបានបង្កើនកម្តៅរហូតដល់ក្រសួងចេញមុខអន្តរាគមដោយចេញសំបុត្រកោះហៅតារាស្រីរូបនេះទៅធ្វើការណែនាំនោះ។ គេជឿជាក់ថាក្រោយការរចេញសំបុត្រកោះអញ្ជើញនេះនឹងអាចបន្ថយកម្តៅ និងធ្វើឲ្យសិល្បករស្ងប់ចិត្ត បើទោះបីជាគេមិនទាន់ដឹងនៅឡើយទេថា តើការកោះហៅនឹងតម្រូវឲ្យតារាស្រីល្បីឈ្មោះផ្នែកសិចស៊ីខាងលើធ្វើអ្វីខ្លះនោះក៏ដោយ៕
ដោយ៖ វឌ្ឍនា