ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក សហការជាមួយនគរបាលស្រុកកំរៀង និងអាជ្ញាធរពាក់ព័ន្ធបានចេញរថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍បាញ់ពន្លត់ឃ្លាំងសម្ងួតពោតមួយកន្លែង ដោយសារតែម្ចាស់មានការធ្វេសប្រហែសបង្កឱ្យកេីតគ្រោះអគ្គិភ័យ ឆេះឡសម្ងួតពោត បណ្ដាលឱ្យខូចខាតទឹកប្រាក់អស់ប្រមាណ ៣មុឺនដុល្លាអាមេរិក។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃសៅរ៍ទី២៧ ខែសីហា ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា ហេតុការណ៍ខាងលេីនេះបានកេីតឡេីងនៅព្រឹកវេលាម៉ោង៦និង៤៥នាទីព្រឹកថ្ងៃទី២៧ ខែសីហានេះ នៅចំណុចឡសម្ងួតក្នុងសាយឡូធានប៉រ ស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ប្រភពដដែលបន្តថា ក្នុងហេតុការណ៍នោះដែរ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងជំនាញផ្នែកពន្លត់អគ្គិភ័យស្រុកភ្នំព្រឹក សហការជាមួយលោកអភិបាលរងស្រុកភ្នំព្រឹក កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀង និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំព្រឹក រួមគ្នាជាមួយពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានធ្វើការពន្លត់ ដោយគ្រប់គ្រងសភាពការណ៍បាននាវេលាម៉ោងប្រមាណ៩និង៣៥ នាទីព្រឹកថ្ងៃដដែលដោយប្រេីប្រាស់រថយន្តចំនួន០២គ្រឿង និងប្រេីទឹកចំនួន០៥រថយន្ត។
គួរបញ្ជាក់ថា ចំពោះមូលហេតុដែលនាំឱ្យកេីតមានអគ្គិភ័យនេះគឺបណ្តាលមកពីម្ចាស់សាយឡូ មិនបានប្រមូលលំអងពោតដែលសម្ងួតហេីយចេញ ពីឡសម្ងួតឱ្យអស់ទេីបបង្កឱ្យកេីតគ្រោះអគ្គិភ័យនេះ។ ចំណែកការខូចខាតសរុបគិតជាប្រាក់អស់ប្រមាណ៣០,០០០ដុល្លារ( បីមុឺនដុល្លាអាមេរិក )ប៉ុន្តែអគ្គិភ័យនេះមិនបានបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡេីយ៕
ដោយ៖សហការី