ក្រុងប៉ោយប៉ែត៖ យុវជនជាកម្មករម្នាក់បានរងរបួសដាច់ជើងម្ខាងផ្នែកខាងស្តាំ កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ ខណៈដើរជាន់មីនបង្កឲ្យផ្ទុះនៅចំណុចច្រករបៀងព្រៃគប់(ព្រំដែនកម្ពុជា-ថៃ) ស្ថិតនៅចំណុចព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សែត អាយុ១៨ឆ្នាំ មានស្រុកកំណើតរស់នៅគោកកក់ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប មានមុខរបរជាកម្មករស៊ីឈ្មួលនៅទឹកដីថៃ។
មុនពេលកើតហេតុយុវជនខាងលើ បានធ្វើដំណើរត្រឡប់មកពីទឹកដីថៃវិញតាមច្រករបៀងព្រៃគប់ ក៏ជាន់មីនបណ្តាលឲ្យផ្ទុះរងរបួសដាច់ជើង ហើយក៏ត្រូវអ្នកភូមិនាំគ្នាជួយសង្គ្រោះ លើកសែងអូសចេញពីកន្លែងកើតហេតុ យកមកកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។
គួររំលឹកថា ប្រជាពលរដ្ឋជាកម្មករជាច្រើនងាយនិងរងគ្រោះដោយសារការឆ្លងដែនដោយខុសច្បាប់ស្វែងរកការងារធ្វើនៅក្នុងទឹកដីថៃ តាមរយៈការបើកច្រករបៀងរបស់សមត្ថកិច្ចនគរបាលការពារព្រំដែននេះជាដើម៕
ដោយ៖ សុខ ខេមរា