ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរខេត្តកំពង់ធំមេតាជួយទប់ស្កាត់ផងពីសកម្មភាពឧញ៉ា លឹម ហេង ចាក់ដីរំលោភយកបឹងព្រៃប្រស់

ចែករំលែក៖

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋជាច្រើន មានការព្រួយបារម្ភពីការបាត់បង់បឹងធម្មជាតិរមណីយដ្ឋានព្រៃប្រស់ ខណៈបានមើលឃើញផ្ទាល់និងភ្នែកពីសកម្មភាពឧញ៉ា លឹម ហេង ប្រើគ្រឿងចក្រ និងឡានដឹកដីចាក់លុបរំលោភយកដីពីមួយថ្ងៃទីមួយថ្ងៃ។ ដូច្នេះពួកគាត់សំណូមពរឲ្យអាជ្ញាធរស្រុក និងខេត្តគួរមានវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលាផង។

ប្រជាពលរដ្ឋរាយការណ៍មកថា ដីចំណីបឹងព្រៃប្រស់ដែលជាបឹងធម្មជាតិនៅសល់តាំងពីដូនតា គឺស្ថិតនៅខាងលិចស្ពានព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ គឺលោកឧញ៉ា លឹម ហេង បានប្រើគ្រឿងចក្រក្នុងគោលបំណងរំលោភយកចំណីបឹងទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ស្របពេលប្រជាពលរដ្ឋកំពុងនាំគ្នាចូលរួមអភិរក្សការពារ។

អភិបាលស្រុកកំពង់ស្វាយលោក អ៊ុន បុត្រ បានឲ្យដឹងថា ករណីនេះខាងម្ចាស់(ឧញ៉ា លឹម ហេង) មានច្បាប់អនុញ្ញាតិពីថ្នាក់ខេត្ត ចំណែកខាងអាជ្ញាធរស្រុកមិនបានចុះហត្ថលេខាលើដីបឹងព្រៃប្រស់នេះទេ ម្យ៉ាងទៀតលោកក៏ទើបនិងមកកាន់ដំណែងនៅទីនេះក្នុងរយៈពេលខ្លីបំផុត។ លោកអភិបាលបន្តថា បើតាមខ្ញុំដឹងគឺមានលោក អឹម ថន អភិបាលស្រុកចាស់ដែលបច្ចុប្បន្នចូលនិវត្តន៍បានចុះហត្ថលេខាពីមុនមក។

តាមច្បាប់ភូមិបាល បឹងបួរ ស្ទឹង អូរ ប្រឡាយ ទន្លេ រួមទាំងបឹងធម្មជាតិនានា មិនត្រូវបានអនុញ្ញាតិឲ្យជំនាញចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ឲ្យទៅបុគ្គលណាម្នាក់ឡើយ ប៉ុន្តែបច្ចុប្បន្ននេះ អាចជាអំណាចទឹកប្រាក់ ឧញ៉ា លឹម ហេង កំពុងចាក់ដីលុបរំលោភយកបឹងធម្មជាតិព្រៃប្រស់ សម្រាប់បើកធ្វើអាជីវកម្មជាអាហារដ្ឋានយ៉ាងគឃ្លើន។

លោក អឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានប្រាប់អ្នកសែតថា ដីនេះគេមានច្បាប់អនុញ្ញាតិជាកម្មសិទ្ធិដែលទទួលស្គាល់លេខក្បាលដីពីប្រធានមន្ទីរមុនតាំងពីឆ្នាំ២០០៩មកម្ល៉េះ។

គួររំលឹកថា ក្នុងតំណែងជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានគិតគូរខ្ពស់ ការពារផល់ប្រយោជន៍កម្មសិទ្ធិគ្រប់គ្រងដីស្របច្បាប់របស់ប្រជាពលរដ្ឋ ក្នុងនោះលោកទាំងធ្លាប់ព្រមានផងដែរ និងដាក់ក្នុងបញ្ជីខ្មៅរាល់ទង្វើណា មានការរំលោភយកដីប្រជាពលរដ្ឋ ដីរបស់រដ្ឋ។ ថ្មីៗនេះឧញ៉ា ឡោក ហួរ មេឈ្មួញរំលោភយកដីប្រជាពលរដ្ឋ រំលោភយកបឹងធម្មជាតិ រំលោភយកដីអតីតឡូត៍នេសាទនៅស្រុកកៀនស្វាយ មិនត្រឹងតែលោក ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលចេញលិខិតបញ្ជាឲ្យបញ្ឈប់សម្មភាពនិងតម្រូវអាជ្ញាធរស្រុកឧញ៉ា ឡោក ហួរ ប៉ុណ្ណោះទេ សូម្បីតែលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានចាត់ទុកឧញ៉ា ឡោក ហួរ នៅក្នុងបញ្ជីខ្មៅ ករណីរំលោភយកដីបឹងនោះដែរ។

ករណីនៅខេត្តកំពង់ធំ ប្រសិនបើអាជ្ញាធរខេត្តមិនមានវិធានការទប់ស្កាត់ទេនោះ ប្រជាពលរដ្ឋមានរំពឹងទៅលើទេសរដ្ឋមន្ត្រី និងចាត់មន្ត្រីជំនាញពិនិត្យ ដើម្បីទប់ស្កាត់រក្សាការពារ អភិរក្សបឹងធម្មជាតិព្រៃប្រស់ ទុកជាសម្បត្តិធម្មជាតិ របស់រដ្ឋ ហើយក៏ជាទីតាំងដែលប្រជាពលរដ្ឋទទួលស្គាល់ទាំងអស់គ្នាតាំងពីដូនតានោះមកដែរ៕

IMG_9988

IMG_9987

IMG_9985

IMG_9986

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print