ខេត្តបន្ទាយមានជ័យ៖ កម្មករស៊ីឈ្នួលលើកដំឡូងមីដាក់គោយន្ត២នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសដេកដួលសន្លប់ដោយសាររន្ទះបាញ់ ខណៈជនរងគ្រោះបានកំពុងលើកដំឡូងមីនៅក្នុងចំការពេលមានមេឃភ្លៀងធ្លាក់ស្រិចៗលាយឡំខ្យល់កន្ត្រាកន់ជាមួយនិងផ្គរររន្ទះ។
ហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង១៥នាទីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភ្នំវែង ស្ថិតក្នុងភូមិអូសំព័រ ឃុំអូសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ករណីដោយឡែកមួយទៀតត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា នៅឃុំអូរសំព័រ ក្នុងថ្ងៃខែដដែលនោះផងដែរ មានសត្វគោ១ក្បាលក៏ត្រូវរន្ទះបាញ់ងាប់ បង្កឲ្យភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំងពីអ្នកស្រែចំការ សឹងតែពុំហ៊ានចេញក្រៅផ្ទះ។
នាយប៉ុស្តិ៍នគរបាលអូរសំព័រប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់មានឈ្មោះទី១/ឈ្មោះវុធ វីភេទប្រុស អាយុ២៤ឆ្នាំ(ស្លាប់) ទី២/ឈ្មោះ ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ(ស្លាប់) និងទី៣/ឈ្មោះពីស ភេទប្រុស អាយុ២៦ឆ្នាំ(រងរបួស) អ្នកទាំង៣នាក់រស់នៅ ភូមិគោកជ្រៃ និងភូមិបេង ឃុំសសរស្ដម ស្រុកពួក ខេត្តសៀមរាប ដែលជនរងគ្រោះបានមករកការងារធ្វើនៅក្នុងមូលដ្ឋានកន្លែងកើតហេតុខាងលើនេះអស់រយៈពេលជិតមួយឆ្នាំមកហើយ។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការពិនិត្យ និងបានប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើត ចំណែកម្នាក់ទៀតរងរបួសក៏ត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទរពេទ្យ៕
ដោយ៖ សំ វិច្ឆិកា