ខេត្តប៉ៃលិន៖ នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃពុធទី៣១ ខែសីហា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ចាប់តាំងព្រឹកព្រលឹម ដល់វេលាថ្ងៃត្រង់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ភ្លៀងបានធ្លាក់ក្នុងកម្រិតពី (១៥,០-៤៥,៥) មម បណ្តាលឲ្យទឹកស្ទឹង និងអូរមួយចំនួនកើនឡើងពី (០,៣-១,២) ម ។
ក្រសួងធនធានទឹក បានឱ្យដឹងទៀតថា ប៉ុន្តែកម្ពស់ទឹកនេះមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ។ តែទោះយ៉ាងណាសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងអូរ និងស្ទឹង មេត្តាប្រុងប្រយ័ត្នឲ្យបានកម្រិតខ្ពស់ ព្រោះភ្លៀងនៅបន្តធ្លាក់ក្នុងកម្រិតខ្សោយទូទាំងខេត្តនៅឡើយ។
ជាមួយគ្នានោះ ក្រសួងធនធានទឹក ក៏បានបញ្ជាក់នៅតាមបណ្ដាខេត្តមួយចំនួនមានភ្លៀងបន្តធ្លាក់ផងដែរ ដូចជា៖ នៅរសៀលថ្ងៃទី៣១ ខែសីហានេះ មានភ្លៀងបន្តធ្លាក់កម្រិតមធ្យមក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង ភ្លៀងបន្តធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យមនៅផ្នែកខ្លះនៃស្រុកព្រះស្ដេច ស្រុកកំពង់ត្របែក និងស្រុកបាភ្នំ ខេត្តព្រៃវែង , ភ្លៀងធ្លាក់កម្រិតខ្សោយនៅស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកបាគង ក្រុងសៀមរាប ស្រុកពួក ស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ខេត្តសៀមរាប, ភ្លៀងធ្លាក់កម្រិតខ្សោយទៅមធ្យម នៅស្រុកព្រះនេត្រ ស្រុកព្រះស្រុកថ្មពួក និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងភ្លៀងធ្លាក់កម្រិតពីមធ្យម នៅក្រុងសំរោង និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ៕ ដោយ៖សហការី