ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំស្ដីពី ការរៀបចំព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារ លើប្រធានបទ “ការអប់រំឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាស៊ាន” ក្រោមអធិបតីភាពលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ ការិយាល័យអប់រំ ខណ្ឌទាំង១៤ តំណាងសាលាបឋមសិក្សារដ្ឋចំនួន ១៦០រូប និងតំណាងសាលាចំណេះទូទៅឯកជនចំនួន ២៤០រូប នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសនោះ លោកស្រីបានមានប្រសាសន៍ថា ដើម្បីចូលរួមលើកកម្ពស់កិត្តិនាមនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេសដើម្បីគាំទ្រដល់កិច្ចប្រជុំទាំងឡាយនៃសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដួចផ្ដើមបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល (ASEAN Center for Digital Education) ក៏ដូចជាដើម្បីអបអរសាទរដល់ពិធីសម្ពោធជាផ្លូវការនៃមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល (ASEAN Center for Digital Education) ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនូវព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារ ក្រោមប្រធានបទ “ការអប់រំឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាស៊ាន”។
ជាកិត្តិយសសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដែលកម្ពុជាបានក្លាយជាប្រធានកិច្ចប្រជុំកំពូលអាស៊ានតាមអក្ខរក្រម និងស្របពេលដែលពិភពលោកទាំងមូល កំពុងជួបប្រទះនូវវិបត្តិធ្ងន់ធ្ងរដោយសារជំងឺកូវីត១៩ ដោយតាមរយៈវិធានការដ៏ហ្មត់ចត់ ប្រាកដប្រជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននាំយកមកវិញនូវប្រក្រតីភាព ការស្តារសេដ្ឋកិច្ចឡើងវិញ និងអាចរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២នេះ នៅលើទឹកដីកម្ពុជាផ្ទាល់៕ ដោយ៖សិលា