ខេត្តត្បូងឃ្មំុៈ ជនសង្ស័យជាមេចោរលួចយ៉ាងសកម្មម្នាក់ ដែលទើបចេញពីពន្ធនាគារត្រូវបានសមត្ថកិច្ច នគរបាលក្រុងសួង សហការជាមួយនគរបាលស្រុកមេមត់ ធ្វើការចាប់ខ្លួនបាន។
ស្នងការនគរបាលខេត្តត្បូងឃ្មំុ លោក ម៉ៅ ពៅ បានបញ្ជាក់ឲ្យបានដឹងថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ កំលាំងសមត្ថកិច្ចនគរបាល ក្រុងសួង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមេមត់ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉េត ចំរើន ហៅ ខ្មៅ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិកំពៃ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមុខសញ្ញាខាងលើទើបចេញពីពន្ធាគារ កាលពីឆ្នាំ២០១៣ និងកន្លងមកបានប្រព្រឹត្តបទល្មើសដូចខាងក្រោម៖
១ -មានដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៥៣៤ ព.ស របស់តុលាការខេត្តកំពង់ចាម ពីបទៈ លួច កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣ នៅស្រុកពញាក្រែក ខេត្តកំពុងចាម ២ -មានសំណុំរឿងសេសសល់លើករណី លួច ម៉ូតូស៊េរី២០០៨ នៅស្រុកក្រូចឆ្មារ ៣ -ជាមុខសញ្ញាកំពុងគ្រប់គ្រងក្នុងបញ្ជីលើករណីលួចកន្លងមកនៅស្រុកមេមត់ ផងដែរ។
បច្ចុប្បន្នឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងម៉ូតូចំនួន ០២គ្រឿង នៅអធិការដ្ឋាននគរបាលក្រុងសួង។ លោកស្នងការខេត្តត្បូងឃ្មំុសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានបាត់ម៉ូតូកន្លងមក សូមទំនាក់ទំនងមកកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ (ភ្ជាប់ជាមួយឯកសារដែលពាក់ព័ន្ធ)៕
ដោយវណ្ណះ