ភ្នំពេញ៖ ថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃសុក្រទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ ដំណេីរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជេីងគោក នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យ និងទទួលបានលទ្ធផលល្អប្រសេីរ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងទៀតថា៖ ដំណេីរទស្សនកិច្ចនោះ គឺការជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត ដែលចូលរួមចំណែកដល់ការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស និងប្រជាជនទាំងពីរឱ្យបានរឹងមាំ និងយូរអង្វែងតទៅអនាគត។
សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី៣១ ខែសីហាថ្មីៗនេះ បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ លោកនាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងគោលបំណងរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ នាឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីវៀងចន្ទន៍ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។
ក្នុងជំនួបនេះ ភាគីទាំងពីរបានសំណេះសំណាលសាកសួរសុខទុក្ខគ្នាទៅវិញទៅមក ដែលបង្ហាញអំពីភាពស្និទ្ធស្នាលជិតដិតរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងបានពិភាក្សាផងដែរអំពីកិច្ចសហការរវាងកងកម្លាំងនៃប្រទេសទាំងពីរក្នុងការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទនៅតាមបណ្តោយព្រំដែន ព្រមជាមួយនឹងផ្លាស់ប្តូរមតិយោបល់លើការងារសន្តិសុខមួយចំនួន ផងដែរ៕ដោយ៖ស តារា