ភ្នំពេញៈក្រុមសហគមន៍ថ្មគោល ដែលនាំគ្នាប្រមូលផ្ដុំនៅមុខសួនច្បារចេនឡា តាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ត្រូវបានកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌទួលគោក ហាមឃាត់ ។
យ៉ាងតិចមនុស្សចំនួន៦នាក់ ត្រូវបាននាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ បន្ទាប់ពីពួកគេបាននាំគ្នាលើកបដា និងស្លៀកពាក់ខ្មៅ យុទ្ធនាការថ្ងៃច័ន្ទ ប្រើរូបភាពទាមទារឲ្យមានការដោះលែង មន្រ្តីសិទ្ធមនុស្ស៤នាក់និងមន្រ្តី គ.ជ.ប ម្នាក់ទៀតកំពុងជាប់ឃុំនៅព្រៃសរ ។
គួររំលឹកថា ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងរួចមកហើយ មិនអនុញ្ញាតិឲ្យមានការប្រមូលផ្ដុំ តវ៉ាធ្វើឡើងដោយមិនគោរពតាមច្បាប់រដ្ឋ ។ កន្លងមកសកម្មភាពបែបនេះ សមត្ថកិច្ចខណ្ឌដង្កោបានធ្វើការឃាត់ខ្លួនក្រុមសកម្មជនយុទ្ធនាការអាវខ្មៅចំនួន៨នាក់ម្តងរួចមកហើយ ក្នុងនោះមានជនជាតិរបទេស២នាក់ផងដែរ ក៏បានដោះលែងទៅវិញក្រោយបានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ចរួចមក ៕
ស ដារា