ភ្នំពេញ : នៅល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ អ្នកនាំពាក្យ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់ធិបឌិន្ទ ជូន លោក ប៉ាន់យ៉ារ៉ាក់ ភូលថុប (Panyarak Poolthup) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ដែលបានចប់អាណត្តិបេសកកម្មការទូត នៅក្នុងឱកាសដែល លោកឯកអគ្គរាជទូតចូលជួបសម្តែងការគួរសមនិងជម្រាបលា នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២២។ លោកឯកអគ្គរាជទូត ប៉ាន់យ៉ារ៉ាក់ ភូលថុប បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការផ្តល់គ្រឿងឥស្សរិយយសនៅពេលនេះ ដែលឯកឧត្តមចាត់ទុកថា ជាកិត្តិយសដ៏ធំធេងសម្រាប់រូបឯកឧត្តមផ្ទាល់ ក៏ដូចជាសម្រាប់ក្រុមការងារនៃស្ថានឯកអគ្គរាជទូត ថៃនៅភ្នំពេញ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះការចូលរួមចំណែកយ៉ាងសកម្ម របស់លោកឯកអគ្គរាជទូត ក្នុងការពង្រីក និងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងព្រះរាជាណាចក្រទាំងពីរនៅលើវិស័យជាច្រើន រួមមាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល អប់រំ និងវប្បធម៌ ដោយគូសបញ្ជាក់ថា ការបំពាក់គ្រឿងឥស្សរិយយសនៅពេលនេះជាការសបញ្ជាក់ ពីការវាយតម្លៃខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមឯកអគ្គរាជទូត។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមឯកអគ្គរាជទូត ប៉ាន់យ៉ារ៉ាក់ ភូលថុប បានកត់ សម្គាល់ដោយក្តីរីករាយចំពោះទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែល ជាកត្តាចម្បងធានាឱ្យមានការរីកចម្រើនជាលំដាប់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងអំពីការកើនឡើងនូវការផ្លាស់ប្ដូរពាណិជ្ជកម្ម ទ្វេភាគីនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ហើយបានលើកទឹកចិត្តប្រទេសទាំងពីរឲ្យស្វែងរកឱកាស ដើម្បីពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានកត់សម្គាល់ដោយសេចក្តីរីករាយចំពោះការវិលត្រឡប់ទៅរកស្ថានភាពជា
ធម្មតាដូចកាលពីមុនជំងឺកូវីដ-១៩របស់ប្រទេសទាំងពីរ និងការបន្តជើងហោះហើរឡើងវិញដែល នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គោលបំណងនេះ។ លោកឧបនាយករដ្ឋមន្រ្តី ក៏បាន លើកទឹកចិត្តប្រទេសទាំងពីរឲ្យពន្លឿនការបញ្ចប់ឯកសារមួយចំនួនដែលមិនទាន់សម្រេចបាននៅ ឡើយ។ លោកឧបនាយករដ្ឋមន្រ្តី និងលោកឯកអគ្គរាជទូត ក៏បានពិភាក្សាផងដែរអំពីការ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ អប់រំ វប្បធម៌ និងការប្រយុទ្ធប្រឆាំងនឹងការ ជួញដូរមនុស្ស ហើយបានកត់សម្គាល់ដោយក្តីសោមនស្សចំពោះការរៀបចំរបស់ប្រទេសទាំងពីរ សម្រាប់ការបន្តកិច្ចចរចាលើតំបន់ទាមទារដែលត្រួតស៊ីគ្នា។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃ សម្រាប់ ជំនួយអភិវឌ្ឍន៍ដែលបានផ្ដល់ដល់កម្ពុជា រួមមាន អាហារូបករណ៍ វគ្គបណ្តុះបណ្តាលនានា ក៏ដូចជា ជំនួយនិងការយកចិត្តទុកដាក់ដល់ពលករខ្មែរធ្វើការនៅក្នុងប្រទេសថៃផងដែរ។ លោកឧបនាយក រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ប្រទេសថៃដល់តួនាទីជាប្រធានអាស៊ានរបស់កម្ពុជា, កិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា និងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំ ពាក់ព័ន្ធ ប្រកបដោយជោគជ័យ នៅដើមខែសីហា ឆ្នាំ២០២២នេះ៕
ដោយ ‘ សិលា