ខេត្តកណ្តាល៖ បុរសម្នាក់លើកដែកឡើងទៅផ្សាដំបូលផ្ទះដោយខ្វះការប្រុងប្រយ័ត្នជ្រុលទៅប៉ះខ្សែកាបិ៍្លអគ្គិសនីបណ្តាលឲ្យឆ្លងចរន្តឆក់ស្លាប់ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែត្រក្នុងរាជធានីភ្នំពេញ ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ នួន សារ៉េត ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ីវ អំណត់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សាដែក មានទីលំនៅបច្ចុប្បន្នក្នុងភូមិតាជោ ឃុំសារិការកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះ និងបងប្រុសបង្កើតឈ្មោះ អ៊ីវ ចំនិត្យ បានសហការគ្នាម៉ៅការផ្សាដំបូលសំយាបផ្ទះឲ្យឈ្មោះ នួន សារ៉េត ក្នុងតម្លៃ ១ម៉ែត្រការ៉េ ១២.៥ដុល្លារសហរដ្ឋអាមេរិក ។ លុះមកដល់ម៉ោងកើតហេតុជនរងគ្រោះបានឈរនៅលើដំបូល ហើយបងប្រុសបង្កើតជាអ្នកហុចដែកឲ្យជនរងគ្រោះយកឡើងទៅលើដំបូល ។ ពេលទទួលបានដែកដែលមានប្រវែងជាច្រើនម៉ែត្រជនរងគ្រោះបានលើកឡើងទៅលើដោយខ្វះការប្រុងប្រយ័ត្នជ្រុលទៅប៉ះខ្សែកាបិ៍្លអគ្គិសនី បណ្តាលឲ្យឆ្លងចរន្តឆក់សន្លប់នៅលើដំបូល ។
ក្រោយពីមានហេតុការណ៍កើតឡើងក្រុមគ្រួសារបានប្រញាប់ប្រញ៉ាល់ ហៅរថយន្តសាមុយដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែត្រក្នុងរាជធានីភ្នំពេញ តែជាអកុលសពេលទៅដល់មិនបានប៉ុន្មានផងនោះជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង ៕
ដោយ៖ ស្អាងជ័យ