សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើសេចក្តីថ្លែងការណ៍ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក

ចែករំលែក៖

ទីក្រុងញូវយ៉ក : នៅម៉ោង១៣:៥០នាទី រសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវនឹងម៉ោង ០០:៥០នាទីយប់ ម៉ោងនៅប្រទេសកម្ពុជា ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឡើងធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។

ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍ទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៖
ជាកិច្ចចាប់ផ្ដើម ខ្ញុំសូមសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម សាបា ខូរូស្ស៊ី ដែលត្រូវ បានជ្រើសរើសជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ ។ ជាមួយគ្នានេះ ខ្ញុំ សូមសម្តែងនូវការកោតសរសើរដោយស្មោះជូនដល់ឯកឧត្តម អាប់ឌូឡាសាហ៊ីដ ចំពោះកិច្ចខិតខំ ប្រឹងប្រែងដឹកនាំកិច្ចការរបស់មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧៦ ក្នុងពេលដ៏សែន លំបាកកន្លងមក ។

ប្រធានបទនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧៧ របស់យើង “ចំណុចរបត់ សំខាន់នៃការផ្លាស់ប្តូរមិនអាចត្រឡប់ក្រោយបាន ៖ ដំណោះស្រាយបដិវត្តកម្មចំពោះបញ្ហាប្រឈម ប្រទាក់ក្រឡាគ្នា “ នេះ ពិតជាសមស្របនឹងបរិការណ៍បច្ចុប្បន្ន ។ ភាពមិនប្រាកដប្រជាជាសកល កាន់តែមានសភាពធ្ងន់ធ្ងរឡើងៗ តាមរយៈការកើនឡើងនូវភាពតានតឹងនៃជម្លោះប្រដាប់អាវុធ ការ ប្រណាំងប្រជែងសព្វាវុធ ការកើនឡើងនៃសម្ព័ន្ធភាពសន្តិសុខខ្នាតតូច សង្គ្រាមបច្ចេកវិទ្យា និង ពាណិជ្ជកម្ម ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះពហុភាគីនិយម ។

ជាក់ស្តែង សង្គ្រាមនៅអ៊ុយក្រែនបានបង្កភាពស្មុគស្មាញ មិនត្រឹមតែចំពោះទំនាក់ទំនង អន្តរជាតិនៅតំបន់អឺរ៉ុប ប៉ុណ្ណោះទេ ប៉ុន្តែបានបន្ទច់បង្អាក់សកម្មភាពសេដ្ឋកិច្ច ធ្វើឱ្យបញ្ហាសន្តិសុខ ស្បៀង និងថាមពល កាន់តែយ៉ាប់យ៉ឺន ។ ការកើនឡើងនៃអរិភាពរវាងតួអង្គកាន់តែច្រើនឡើងៗ ដោយផ្ទាល់ ឬដោយប្រយោល និងគ្មានសញ្ញានៃការបញ្ចប់ រួមទាំងការគំរាមកំហែងនៃសង្គ្រាម នុយក្លេអ៊ែរ បានជះឥទ្ធិពលធ្ងន់ធ្ងរដល់ពិភពលោកជារួម ។

ស្ថានការណ៍នៅឧបទ្វីបកូរ៉េ នៅតែជាក្តីព្រួយបារម្ភ ដោយសារការត្រៀមសាកល្បងអាវុធនុយ ក្លេអ៊ែរ លើកទី ៧ ។ ក្នុងឆ្នាំនេះ កូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្លោងរាប់សិបគ្រាប់ ក្នុង ការឆ្លើយតបនឹងសមយុទ្ធយោធា ។ លើសពីនេះ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ជុំវិញ បញ្ហាតៃវ៉ាន់ ក៏បង្កការព្រួយបារម្ភផងដែរ ។

ជារួម ក្នុងបរិការណ៍ដ៏លំបាកនេះ ក្នុងនាមជាប្រទេសមួយដែលទទួលបានបទពិសោធន៍ ក្នុង ការរកបាននូវសន្តិភាពដោយលំបាកក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន កម្ពុជាបាននិងកំពុងព្យាយាមចូលរួម ប្រកបដោយការស្ថាបនាជាមួយអង្គការសហប្រជាជាតិ ក្នុងការគាំទ្រនូវសន្តិភាព និងសន្តិសុខអន្តរ ជាតិ ព្រមទាំងលើកកម្ពស់ការគោរពទៅលើគោលការណ៍ និងគុណតម្លៃជាមូលដ្ឋាននៃធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ការជួបជុំគ្នាពេលនេះ បានឆ្លុះបញ្ចាំងពីភាពជោគជ័យគួរឱ្យកត់សម្គាល់នៃកិច្ចខិតខំប្រឹងប្រែង រួមរបស់យើង ក្នុងការយកឈ្នះនូវជំងឺរាតត្បាត ប៉ុន្តែការប្រយុទ្ធប្រឆាំងនឹងវិបត្តិសុខភាពសកលនេះ នៅពុំទាន់បញ្ចប់នៅឡើយទេ ។

ទម្រង់ថ្មីៗនៃវីរុសបំប្លែងខ្លួន និងជំងឺឆ្លងផ្សេងៗ កំពុងតែលេចឡើងជាបន្តបន្ទាប់ ។ តើនឹង មានអ្វីផ្សេងទៀត ដែលអាចនឹងកើតមានឡើងនាពេលអនាគត? ប្រព័ន្ធសុខាភិបាលសកលមួយដ៏ រឹងមាំ ជាពិសេសអង្គការសុខភាពពិភពលោក (WHO) ដែលមានតួនាទីស្នូល ក្នុងការសម្របសម្រួល អាចជួយកសាងប្រព័ន្ធសុខាភិបាលជាតិមួយកាន់តែមានភាពធន់ និងនិរន្តរភាព ។ ការចែកចាយ វ៉ាក់សាំង ដោយឈរលើយន្តការពហុភាគី ប្រកបដោយការបើកចំហ និងតម្លាភាព ជំរុញដោយ គោលការណ៍ទទួលខុសត្រូវរួមពិតប្រាកដ គឺជាមធ្យោបាយតែមួយគត់សម្រាប់ទប់ស្កាត់ជំងឺរាតត្បាត ផ្សេងៗនាអនាគត រួមទាំងការចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ ព្រមទាំងការផ្ទេរបច្ចេកវិទ្យា ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍វ៉ាក់សាំង ។

ក្រៅពីនេះ ការគំរាមកំហែងដែលកើតមានចំពោះមនុស្សជាតិ គឺភាពងាយរងគ្រោះរបស់យើង ចំពោះការប្រែប្រួលអាកាសធាតុ ។ យើងចាំបាច់ត្រូវផ្លាស់ប្តូរដំណើរការនៃការដោះស្រាយបញ្ហា អាកាសធាតុនាពេលនេះ ដោយមិនអាចរង់ចាំថ្ងៃស្អែកបាននោះទេ ។ អស់រយៈពេល ៥០ឆ្នាំ មក ហើយ ចាប់តាំងពីរដ្ឋាភិបាលត្រូវបានទទួលការព្រមាន អំពីការផ្លាស់ប្តូរទម្រង់ផលិតកម្ម និងការបើ ប្រាស់របស់យើង ដើម្បីចៀសវាងគ្រោះមហន្តរាយនេះ ។ ប៉ុន្តែជាអកុសល ចាប់តាំងពីពេលនោះមក យើងឃើញតែការបាត់បង់ជីវចម្រុះកាន់តែច្រើន ការរិចរិលដីកាន់តែច្រើន និងការខ្វះខាតទឹកសាប កាន់តែកើនឡើង ។

សកម្មភាពរួមរបស់យើង ត្រូវតែផ្តោតលើកិច្ចខិតខំប្រឹងប្រែងជាសកល ក្នុងការបញ្ចៀស ផលប៉ះពាល់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍដែលមានភាពធន់នឹងអាកាសធាតុ ។ ការប្ដេជ្ញាចិត្តរបស់យើងចំពោះការទាញសីតុណ្ហភាពពិភពលោកឱ្យថយ ១,៥ អង្សាសេ ទាមទារការផ្តល់ហិរញ្ញប្បទាន និងការផ្ទេរបច្ចេកវិទ្យា ដើម្បីសម្រួលដល់ការផ្លាស់ប្ដូរប្រកបដោយអត្ថន័យ ក្នុងកិច្ចខិតខំប្រឹងប្រែង បញ្ចៀស និងសម្របខ្លួន ។ យើងត្រូវតែអនុវត្តនូវលទ្ធផលនៃកិច្ចប្រជុំ នៅក្នុងទីក្រុង Glasgow ដែល ។ បានអនុម័តនៅ COP២៦ ដោយយកចិត្តទុកដាក់ជាបន្ទាន់ និងឈរលើគោលការណ៍រួម ប៉ុន្តែបែង ចែកការទទួលខុសត្រូវ និងតាមសមត្ថភាពរៀងៗខ្លួន ។

បន្ថែមលើនេះ ការគំរាមកំហែងបែងចែកប៉ូលពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលកើតចេញពីការ ប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន ប្រាកដណាស់នឹងធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់កំណើន សេដ្ឋកិច្ចសកល ។ អាស្រ័យហេតុនេះ ការផ្លាស់ប្តូរជាមូលដ្ឋានទៅមុខនៃដំណើរការសង្គម សេដ្ឋកិច្ច និងនយោបាយ គឺត្រូវពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើវិធានច្បាប់ ដោយមានអង្គការ ពាណិជ្ជកម្មពិភពលោក ជាអង្គការស្នូល ដែលអាចលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិបើកចំហ កាត់ បន្ថយរបាំងពាណិជ្ជកម្ម និងធានាភាពធន់នៃខ្សែច្រវាក់តម្លៃតំបន់ និងសកល ។

ជាមួយគ្នានេះ យើងត្រូវយកចិត្តទុកដាក់កាន់តែខ្លាំងលើគោលនយោបាយឌីជីថល ប្រកប ដោយបរិយាប័ន្ន និងក្របខណ្ឌបទប្បញ្ញត្តិអំណោយផល ដែលនាំទៅរកការវិនិយោគកាន់តែច្រើន នៅក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ព្រោះវាមានសារៈសំខាន់សម្រាប់តភ្ជាប់គម្លាតឌីជីថល ដែល កំពុងកើនឡើង និងបង្កើតប្រភពនៃកំណើនថ្មី ។ ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ជាផ្នែក មួយមិនអាចខ្វះបាន ក្នុងការគាំទ្រ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការ ពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង ការជំរុញអន្តរកាលថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាបៃតង ៕

...

 

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print