ខេត្តកំពង់ចាម : នៅវេលាម៉ោង ១៣:០០ រសៀលថ្ងៃដដែល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកតំបែរ លោក វេង សាខុន ប្រធានក្រុមការងារគណបក្សចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀមនិង៣ឃុំនៃស្រុកជើងព្រៃ ខេត្តកំពង់ចាមបានអញ្ជើញជាអធិបតិក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី“ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣“។ ក្នុងពិធីដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវអនុប្រធានក្រុមការងារថ្នាក់ស្រុក និងឃុំទាំង៧ក្នុងស្រុកតំបែរ លោកប្រធានគណៈកម្មាធិការបក្សស្រុក សមាជិក និងសមាជិកាប្រមាណជា ៣០០នាក់។
បន្ទាប់ពីលោក នាដ្ធ រ៉ាវុទ្ធ ប្រធានគណៈកម្មាធិការគណបក្សស្រុកតំបែរ បានអានសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រួចមក មានមតិសំណេះសំណាលជាមួយបងប្អូនសមាជិកបក្ស ឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកជូនបងប្អូនទាំងអស់ និងបានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋជួបតែពុទ្ធិពរទាំង ៤ប្រការ។ ឆ្លៀតយកឱកាសនេះផងដែរ លោកបានសុំការយោគយល់ពីសំណាក់លោក លោកស្រី សាមាជិក និងសមាជិកា ដោយភាពមមាញឹកក្នុងការបំរើការងារក្នុងខែតុលាខាងមុខនេះទើបបង្ខំចិត្តត្រូវរៀបចំកិច្ចប្រជុំផ្សព្វផ្សាយនេះឡើងនារសៀលនេះ។ លោកក៏បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះលោកអនុប្រធានក្រុមការងារ លោកលោកស្រីប្រធានក្រុមការងារចុះជួយឃុំ និងសហការីដែលបានលះបង់គ្រប់បែបយ៉ាងរួមគ្នាយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ លទ្ធផលដែលយើងសម្រេចបាន ជាក់ស្តែងគឺជ័យជំនះនៃការបោះឆ្នោតឃុំ–សង្កាត់អាណត្តិទី៥ កន្លងមកនេះ។
លោកប្រធានក្រុមការងារបានមានមតិទៅកាន់អង្គពិធីប្រកបដោយខ្លឹមសារស៊ីជម្រៅអំពីសភាពការ និងព្រឹត្តការសំខាន់ៗដែលកំពុងកើតមានឡើងនៅលើពិភពលោក ហើយកំពុងជះឥទ្ធិពលអវិជ្ជមានដល់បណ្តាប្រទេសលើពិភពលោក រួមទាំងកម្ពុជាផងដែរ ជាពិសេសវិធានការឆ្លើយតប ទប់ស្កាត់ និងដោះស្រាយដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលចំពោះសភាពការ និងព្រឹត្តការទាំងនោះ។ ជាមួយនេះដែរ លោកក៏បានក្រើនរំលឹកអំពីសមិទ្ធផលដ៏ធំធេងរបស់គណបក្ស ភាពខ្លាំងរបស់គណបក្ស និងមហិច្ឆិតានៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ត្រើយសុភមង្គល សេចក្តីសុខ សេចក្តីចម្រើន សេចក្តីថ្លៃថ្នូរ កិត្តិយសដ៏ឧត្តុង្គឧត្តម វិបុលភាព និងការអភិវឌ្ឍ ដើម្បីឆ្ពោះទៅកាន់ទទួលភាពជោគជ័យពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
ដើម្បីរក្សាភាពឈ្នះរបស់គណបក្ស លោកប្រធានក្រុមការងារបានផ្តាំផ្ញើ និងធ្វើការណែនាំដល់សមាជិកសមាជិកាគណបក្សត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវខ្លឹមសារនៃសេចក្តីសម្រេចស្តីពីផែនការរួមដ៏មានសារៈសំខាន់នេះ។ ចំណុចពិសេសផ្សេងទៀត គឺត្រូវគិតគូពិចារណា កែលម្អដោយយកសុខទុក្ខប្រជាជនជាធំ ហើយត្រូវបន្តត្រៀមទុកស្បៀងបម្រុងនៅតាមមូលដ្ឋាន ដើម្បីធ្វើអន្តរាគមន៍ចែកជូនពួកគាត់ឱ្យបានទាន់ពេលវេលានាពេលគាត់ជួបភាពខ្វះខាត ៕
ដោយ : សិលា