ខេត្តព្រះសីហនុ : រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនអំពីលទ្ធផលប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលទីតាំងក្រុមហ៊ុនហ្គោ ឡាក់ស៊ីវើល ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃ ទី២១ ខែកញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ០៧និង៣០នាទីយប់។
បន្ទាប់ពីមានការឯកភាពក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្ថាប័នជំនាញ ពាក់ព័ន្ធ ដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្ត បានចុះពិនិត្យរដ្ឋបាលទីតាំងក្រុម ហ៊ុនហ្គាឡាក់ស៊ីវើល មានចំនួន ៣អគារ ក្នុងនោះអគារ A, C និង E ស្ថិតនៅដីឡូត៍មានទីតាំងស្ថិតនៅភូមិ៤ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីពិនិត្យ លើទីតាំងជាក់ស្ដែង ការប្រកបអាជីវកម្ម អាជ្ញាបណ្ណអាជីវកម្ម ស្ថានភាពនៃការស្នាក់នៅរបស់ជនបរទេសអន្តោប្រវេសន៍ និងពាក់ព័ន្ធការបង្ខាំងមនុស្ស ដោយប្រើប្រាស់កម្លាំង សរុប៨៥នាក់ ទទួលបានលទ្ធផលដូចខាងក្រោម៖
ទីតាំងមានអគារចំនួន ៣ក្នុងនោះមាន គឺអគារA ជាអគារសម្រាប់ស្នាក់នៅ របស់ភ្ញៀវ និងបុគ្គលិកខ្មែរធ្វើការមានចំនួន ៩ជាន់ មានប្រហែល១៥០ បន្ទប់ អគារC ជាអគារសម្រាប់ការិយាល័យធ្វើការ និងអាហារដ្ឋានមានចំនួន ៥ជាន់ មានប្រហែល៣២បន្ទប់ និងអគារE ជាអគារសម្រាប់ស្នាក់នៅ របស់ភ្ញៀវ មានចំនួន ៧ជាន់មានប្រហែល ២១បន្ទប់។ ចំពោះការគ្រប់គ្រងទីតាំង គឺបែងចែកជាផ្នែក មានចំនួន ៥ផ្នែក មានបុគ្គលិកសរុប១០៤ នាក់ ក្នុងនោះ មានស្ត្រី ចំនួន ២៨នាក់ រួមមាន៖ ១.ផ្នែកសន្តិសុខ ២.ផ្នែកអនាម័យ ៣.ផ្នែកបកប្រែភាសារចិន, ៤. ផ្នែកជាងជួស ជុល និងទី៥.ផ្នែកចុងភៅ និងអាហារដ្ឋាន។ នៅក្នុងទីតាំងនេះ គ្មានបន្ទប់រដ្ឋបាលឬមានបុគ្គលិក ផ្នែករដ្ឋបាល សម្រាប់ដំណើរការក្រុមហ៊ុនឡើយ ដោយតាមផ្នែកនីមួយៗ គឺប្រធានផ្នែកជាអ្នកស្រង់វត្តមានបុគ្គលិកតាមផ្នែករបស់ ខ្លួន និងរាយការណ៍ជូនថៅកែចិន។
ក្នុងប្រតិបត្តិការរយៈពេល ០៣ថ្ងៃនេះ កម្លាំងចម្រុះដឹកនាំដោយគណៈបញ្ជាការឯកភាពខេត្ត បានរកឃើញនូវជនបរទេសក្នុងទីតាំងសរុបចំនួន៤១៤នាក់ ស្រីចំនួន៤២នាក់ មានចំនួន០៥សញ្ជាតិ ក្នុងនោះជនជាតិចិនចំនួន ៣៥១នាក់ ស្រីចំនួន៣០នាក់ ជនជាតិឡាវ ចំនួន០២នាក់ ស្រីចំនួន០២នាក់ ជនជាតិវៀតណាមចំនួន៤៦នាក់ ស្រី ចំនួន១០នាក់ ជនជាតិម៉ាឡេស៊ី ចំនួន១០នាក់ និងជនជាតិឥណ្ឌា ចំនួន០៥នាក់។ក្នុងចំណោមជនបរទេសទាំង ៤១៤នាក់ មានជនបរទេសចំនួន ១៦៨នាក់ (ស្រី ១៧នាក់) ត្រូវបានរកឃើញស្នាក់នៅនិងធ្វើការដោយដោយគ្មាន ឯកសារត្រឹមត្រូវ និងជនបរទេសចំនួន ២០៨នាក់ (ស្រី២៣នាក់) ត្រូវបានផាកពិន័យដោយអគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ សរុបជាទឹកប្រាក់មានចំនួន ១០៤,០០០,០០០រៀល។ជាមួយគ្នានេះ ជនបរទេសដែលបានផាកពិន័យរួច ដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តម្រូវអោយស្នើបណ្ណការងារថ្មី ដែលប្រមូលបានអាករសរុបចំនួន ៦០,៣១០ ដុល្លារអាមេរិក។ រួមជាមួយគ្នានេះ ចំពោះនិយោជក/សហគ្រិន៖ គ្មានលិខិតអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មជន បរទេស ខុសនឹងមាត្រា ២៦៤ និងត្រូវពិន័យតាមមាត្រា ៣៦៩ នៃច្បាប់ស្តីពីការងា មានទឹកប្រាក់ពិន័យសរុប ២,៥២០,០០០ រៀល។ ប្រើប្រាស់ជនបរទេសគ្មានបណ្ណការងារ (លើសពី០៥នាក់) ខុសនឹងមាត្រា៣៧២ និងត្រូវ ពិន័យតាមមាត្រា ៣៧២ នៃច្បាប់ស្ដីពីការងារ មានទឹកប្រាក់ពិន័យសរុប ១២,៦០០,០០០រៀល។ ទូទាត់ប្រាក់ឈ្នួល ដែលនៅសល់ ជូនកម្មករ–និយោជិតសរុបចំនួន១០៤នាក់ មានទឹកប្រាក់សរុបចំនួន ២៧,៧៩៦ដុល្លារអាមេរិក គិត ត្រឹមថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២២ និងបន្តទទួលខុសត្រូវករណីមានបណ្ដឹងបន្ថែមទៀត។
ក្នុងប្រតិបត្តិការនេះ ជនសង្ស័យចំនួន ១៩នាក់ (ចិន ១១នាក់ និងខ្មែរ ០៨នាក់) ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីបង្ខាំងមនុស្សដោយខុសច្បាប់ នៅក្នុងសណ្ឋាគារថាមពលថ្មី ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង–ខេត្តព្រះសីហនុ ដែលត្រូវបានជនរងគ្រោះប្ដឹងតាមទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោមថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២២ ហើយក៏ជាតម្រុយ មួយដែលនាំអោយសមត្ថកិច្ចបើកកិច្ចប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលលើទីតាំងរបស់ក្រុមហ៊ុនហ្គាឡាក់ស៊ីវើល ដែល ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិង គោលការណ៍ឯកភាពគ្នាជារួមពីជំនាញពាក់ព័ន្ធ គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុសម្រេចដាក់ចេញនូវវិធានការ មួយចំនួនដូចខាងក្រោម៖
– ជនបរទេសដែលបានបំពេញនីតិវិធីគ្រប់លក្ខខណ្ឌ និងបានធ្វើកិច្ចសន្យារួចរាល់ គួរឱ្យពួកគាត់ ចាកចេញពីក្នុងទីតាំងឱ្យអស់ត្រឹមថ្ងៃបញ្ចប់ប្រតិបត្តិការណ៍។
– បិទទីតាំង និងសេវាកម្ម–អាជីវកម្មទាំងអស់ក្នុងទីតាំងដីនិងអគា លើកលែងតែអាហាដ្ឋាន អាចអនុញ្ញាតឱ្យដំណើរការសេវាកម្មម្ហូបអាហារ រហូតដល់ជនបរទេសទាំងអស់ចាកចេញអស់ពីទីតាំង និង បញ្ចប់ប្រតិបត្តិការណ៍។
– បិទអគារ A, C និង E ដើម្បីបន្តការស៊ើបអង្កេតបទល្មើសផ្សេងៗ ដែលចាំបាច់រហូតដល់កិច្ចស៊ើប អង្កេតត្រូវបានបញ្ចប់ទាំងស្រុង។
រដ្ឋបាលខេត្តព្រះសីហនុ នឹងបន្តធ្វើការត្រួតពិនិត្យរដ្ឋបាលដូចភ្លៀងរលឹមនៅតាមបណ្ដាទីតាំងអាជីវកម្មដែល សង្ស័យមិនមានច្បាប់អនុញ្ញាត ព្រមទាំងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះម្ចាស់អាជីវកម្មក្នុងករណីរកឃើញ បទល្មើស រហូតដល់ភូមិសាស្ត្រខេត្តព្រះសីហនុទាំងមូលលែងមានបញ្ហាទាំងនេះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាប ៕
ដោយ : សិលា