សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រាប់ពិភពលោក ពីជោគជ័យសាលាក្តីខ្មែរក្រហម

ចែករំលែក៖

 ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រាប់ពិភពលោក ពីជោគជ័យសាលាក្តីខ្មែរក្រហម, ការពិតមួយត្រូវបានរកឃើញ ហើយយុត្តិធម៌ត្រូវបានការពារ៖ ពីលើវេទិការបស់អង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតប្រកាសបង្ហាញពីជោគជ័យនៃដំណើរការសាលាក្តីខ្មែរក្រហម ដែលជាសាលាក្តីកូនកាត់ក្រោមកិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ។ សម្តេចតេជោ បានចាត់ទុកភាពជោគជ័យនេះ ជាកិច្ចសហប្រតិបត្តិការមួយដ៏ល្អរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ក្នុងការនាំមកនូវយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ នេះជាលើកឡើងដោយ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។ 

 

លោកបន្តថា, សម្តេចតេជោ ហ៊ុន សែន បានថ្លែងកត់សម្គាល់អំពីការសម្រេចរបស់ អង្គជំនុំជម្រះកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងការរក្សាសាលដីកា តម្កល់ការផ្តន្ទាទោសអស់មួយជីវិតលើ លោក ខៀវ សំផន ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានហៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងកម្ពុជា និងអង្គការសហប្រជាជាតិ តាមរយៈសាលាក្តីកូនកាត់ នៅក្នុងការនាំមកនូវយុត្តិធម៌ដល់ប្រជាជនកម្ពុជា ដែលបានរងគ្រោះយ៉ាងធ្ងន់ធ្ងរពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជនជាតិឯង។ សម្តេចតេជោ បានគូសបញ្ជាក់ថា «យើងអាចប្រកាសប្រាប់ពិភពលោកអំពីការពិតដែលបានរកឃើញ និងយុត្តិធម៌ដែលត្រូវបានការពារ ហើយផ្សព្វផ្សាយដល់ពិភពលោកថា ឧក្រិដ្ឋកម្មបែបនេះមិនគួរកើតឡើងម្តងទៀតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិឡើយ»។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតយកឱកាសនោះ ថ្លែងអំណរគុណចំពោះប្រទេសផ្តល់ជំនួយទាំងឡាយ ដែលបានផ្ដល់ថវិកាគាំទ្រ និងថ្លែងអរគុណចំពោះជនរួមជាតិកម្ពុជាទាំងអស់ នៅក្នុងការសហការពង្រឹងដំណើរការផ្សះផ្សាជាតិ ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print